បញ្ហាជនភៀសខ្លួន មីយ៉ាន់ម៉ា នៅព្រំដែនថៃ គឺជារឿងមួយដ៏ស្មុគ្រស្មាញ នាពេលកន្លងមក ក្រោយកម្លាំងទាហានថៃបានរកឃើញ សាកសពជនភៀសខ្លួនជាច្រើន នៅកណ្តាលព្រៃ ក៏ដូចជារំដោះបានជនភៀសខ្លួន មីយ៉ាន់ម៉ាជាច្រើន ដែលត្រូវក្រុមជនខិលខូច បញ្ឆោតយកទៅលក់ ។
បច្ចុប្បន្ន មីយ៉ាន់ម៉ា ក៏បានដោះស្រាយ បញ្ហាជនភៀសខ្លួននៅក្នុងប្រទេសបង់ក្លាដែស ភាគច្រើនជា ជនជាតិភាគតិច រ៉ូហ៊ីងយ៉ា ។ នៅពេលនេះដែរ ថៃ និងមីយ៉ានម៉ា ក៏បានព្រមព្រៀង ធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួន នៅក្នុងជំរុំ ស្ថិតនៅព្រំដែនក្នុងប្រទេសថៃ ។
ក្រសួងការបរទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ប្រកាសថា មីយ៉ាន់ម៉ា និងថៃ បានព្រមព្រៀងគ្នាលើការធ្វើមាតុភូមិនិវត្តន៍លើកទី៤ នូវជនភៀសខ្លួនមីយ៉ាន់ម៉ា ដែលបានភៀសខ្លួនទៅកាន់ប្រទេសថៃ ។
ការព្រមព្រៀងធ្វើឡើងប ន្ទាប់ពីជំនួបលើកដំបូង នៃក្រុមការងារបច្ចេកទេសរួម មីយ៉ាន់ម៉ា-ថៃ ស្ថិតនៅទីក្រុង ណៃពិដោ របស់មីយ៉ាន់ម៉ា កាលពីថ្ងៃទី២២ ខែមេសា ។
កិច្ចប្រជុំនោះ ក្រុមការងាររួម បានព្រមព្រៀងបន្តសហការគ្នា ទាំងនៅពេលវេលានេះ និងនៅពេលអនាគត អំពីការធ្វើមាតុភូមិនិវត្ត ប្រគល់ និងទទួលជនភៀសខ្លួន ដំណើរការតាមលក្ខណៈជាប្រព័ន្ធ និងលំដាប់លំដោយ ។
រដ្ឋាភិបាលមីយ៉ាន់ម៉ាបាន និងកំពុងធ្វើការងារដើម្បីធានាដល់ការវិលត្រឡប់ជនភៀសខ្លួនមីយ៉ាន់ម៉ាជាង ១០០,០០០នាក់ ដែលតាំងទីលំនៅ ស្ថិតនៅក្នុងជំរុំព្រំដែនមីយ៉ាន់ម៉ា-ថៃ ចំនួន៩ជំរុំភៀសខ្លួន ។ ជនភៀសខ្លួនទាំងនេះ នឹងបញ្ជូនត្រឡប់ទៅកាន់ទឹកដីមីយ៉ាន់ម៉ាវិញ នៅក្នុងគម្រោងដែលបានចាប់ផ្តើមតាំងពីខែតុលា ឆ្នាំ២០១៦ ដោយស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំ ។
រដ្ឋាភិបាលមីយ៉ាន់ម៉ាបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ដើម្បីផ្តល់ឲ្យជនភៀសខ្លួនដែលធ្វើមាតុភូមិនិវត្តន៍នូវការអប់រំ, សេវាសុខភាព, ទឹកស្អាត, ហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ។
រដ្ឋាភិបាលបានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ពីក្រុមជនជាតិភាគតិច ក្រុមសង្គមស៊ីវិល និងសហគមន៍ជនជាតិភាគតិច ចំពោះការវិលត្រឡប់ របស់ជនភៀសខ្លួនទាំងនោះ ។
នៅក្នុងរបាយការណ៍ដែលបានផ្សព្វផ្សាយ បានបញ្ជាក់ថា ជនភៀសខ្លួនមីយ៉ាន់ម៉ា ដែលបានភៀសខ្លួនពីជម្លោះក្នុងប្រទេស តាំងពីច្រើនទសវត្សរ៍មកនោះ ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ តាមកម្មវិធីរយៈពេលខ្លី និងរយៈពេលវែង ដែលជាផ្នែកមួយរបស់រដ្ឋាភិបាល ក្នុងដំណើរការផ្សះផ្សា និងសន្តិភាព នៅមីយ៉ាន់ម៉ា ៕