ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីជាសន្តិសុខម្នាក់ ជិះម៉ូតូប្រញាប់ទៅធ្វើការ បើកលឿន បុកសត្វឆ្កែរត់ឆ្លងផ្លូវ រងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីសន្តិសុខឯកជនម្នាក់បានដួលច្រងាប់ច្រងិល រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ ក៏ដូចជាអ្នកធ្វើដំណើរនាំគ្នាជួយសង្គ្រោះ បន្ទាប់ពីជិះម៉ូតូក្នុងល្បឿនលឿន ហើយត្រូវសត្វឆ្កែរត់ឆ្លងផ្លូវចាប់ហ្វ្រាំងមិនទាន់ បុកពេញទំហឹង កាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលំ ស្ថិតក្នុងភូមិ ក្បាលថ្នល់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ស្ត្រីដែលរងរបួសធ្ងន់មានឈ្មោះ សួស សយ អាយុ ៣០ឆ្នាំមុខរបរសន្តិសុខឯកជនយាមនៅរោងចក្រ រស់នៅភូមិ ប្រសូតិ១ ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង ដោយជិះម៉ូតូម៉ាកហុងដាzomer x គ្មានស្លាកលេខ ខូចខាតយ៉ាងដំណំ ។

ប្រភពបន្តថា មុនកើតហេតុ មានស្ត្រីដែលមានមុខរបរសន្តិសុខរោងចក្រ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា zomer x គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ប្រញាប់ទៅធ្វើការរោងចក្រ ខណៈនោះស្រាប់តែមានឆ្កែមួយក្បាល រត់កាត់ពីមុខចាប់ហ្វ្រាំងមិនទាន់ ក៏បុកពេញទំហឹងបណ្ដាលឲ្យងាប់សត្វឆ្កែ នៅនឹងកន្លែងកើតហេតុ ចំណែកអ្នកជិះម៉ូតូរងរបួសធ្ងន់ ។

ក្រោយមក ជនរងគ្រោះ ត្រូវបានអ្នកភូមិ រាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ជួយអន្តរាគមន៍លើកដឹកតាមរថយន្តទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀងភ្លាមៗផងដែរ ៕ យឹម សុថាន


ចែករំលែក៖