ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត សាំយ៉ុងដឹកទំនិញ ពន្លះរបាំងថ្ម ពុះចែកទ្រូងផ្លូវមុខស្ថានទូតវៀតណាមពេញទំហឹង ខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យងងុយដេក បានបើករថយន្តសាំយ៉ុងដឹកទំនិញឡើងពេញរថយន្ត ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវមុខស្ថានទូតវៀតណាម បណ្ដាលឲ្យបាក់ខ្ទេចអស់២កង់ ឯរថយន្តបង្ករងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខស្ថានទូតវៀតណាម តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តបង្កសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-2027 ដែលបើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ហើយសង្ស័យតែតៃកុងងងុយដេកផងនោះ ក៏បានរេចង្កូត ពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់បែកអស់ចំនួន២កង់ ចំណែករថយន្តបង្កវិញ បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំផងដែរ ។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យតៃកុងរថយន្តបង្ក និងបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ រងរបួសនោះឡើយ ។ ក្រោយកើតហេតុភ្លាមៗ តៃកុងរថយន្តបង្កមានការភិតភ័យពេក ក៏ចុះគេចខ្លួនបាត់ស្រមោល ។

បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងទីតាំងខាងលើ រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ចើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖