ប្រធានាធិបតីស្រីលង្កា បានប្រកាសថា នឹងផ្លាស់ប្តូរតំណែងមន្ត្រីជាន់ខ្ពស់ក្នុងជួរកងទ័ព និងប៉ូលិសជាតិ ដែលមិនអាចទប់ស្កាត់ការវាយប្រហារកើតឡើង ។
កាលពីថ្ងៃទី២៣ ខែមេសា ប្រធានាធិបតីស្រីលង្កាលោក Maithripala Sirisena បានប្រកាសថា លោកនឹងផ្លាស់ប្តូរ មេបញ្ជាការយោធា និងប៉ូលិស ក្រោយបរាជ័យ ក្នុងការរារាំងក្រុមភេរវកម្ម វាយប្រហារសម្លាប់មនុស្សយ៉ាងច្រើន ។ លោកបន្តទៀតថា ការផ្លាស់ប្តូរមន្ត្រីសន្តិសុខ នឹងធ្វើឡើង ក្នុងរយៈពេល ២៤ម៉ោង ។
ប្រធានាធិបតី Sirisena បនប្តទៀតថា លោកនឹងរៀបចំរចនាសម្ព័ន្ធ កម្លាំងសន្តិសុខថ្មី នៅសប្តាហ៍ក្រោយ ដើម្បីទប់ស្កាត់ ការវាយប្រហារភេរវកម្ម និងកម្ចាត់ក្រុមភេរវកម្ម ឲ្យអស់ចេញពីប្រទេសស្រីលង្កា ។
ក្រោយការវាយប្រហារ ក្រុមភេរវកម្ម IS បានចេញមុខទទួលស្គាល់ថា ជាសកម្មភាពវាយប្រហាររបស់ខ្លួន ។ មិនតែប៉ុណ្ណោះ ក្រុម IS បានបញ្ជាក់ទៀតថា មានភេរវករដែលបានលាក់គ្រាប់បែកនៅក្នុងខ្លួនជាច្រើននាក់មិនទាន់បំផ្ទុះបានគេចចេញពីការចាប់ខ្លួនដោយសុវត្ថិភាព ដើម្បីបន្តសកម្មភាពនាពេលខាងមុខ ។
នៅពេលនេះដែរ មន្ត្រីសុខាភិបាលស្រីលង្កាបានប្រកាសឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារគ្រាប់បែកអត្តឃាតកាលពីថ្ងៃទី២១ ខែមេសា បន្តកើនឡើង ដោយសារតែមានអ្នករងរបួសធ្ងន់ជាច្រើន ស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់ ។ នៅពេលនេះ មានអ្នកស្លាប់កើនឡើងដល់ទៅ៣២១នាក់ហើយ ។
សារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋាភិបាលស្រីលង្កាបានសម្រេចកាន់ទុក្ខទូទាំងប្រទេស កាលពីថ្ងៃទី២៣ ខែមេសា ។ ក្រៅពីអ្នកស្លាប់នៅមាន មនុស្សប្រមាណ៥០០នាក់រងរបួស ហើយអ្នកស្លាប់អាចនឹងកើនឡើងជាបន្តទៀត ។ មន្ត្រីស្រីលង្កាបានផ្សាយថា យ៉ាងហោចណាស់ មានភេរវក អត្តឃាត៧នាក់ បើកការវាយប្រហារទៅលើព្រះវិហារ ៣កន្លែង និងសណ្ឋាគា ៤កន្លែង នៅក្នុងប្រទេសនេះ ។
ក្នុងថ្ងៃជាមួយគ្នានេះ ប៉ូលិសស្រីលង្កា បានប្រកាសឲ្យដឹងផងដែរថា ចាប់បានជនសង្ស័យ៤០នាក់ ក្នុងនោះមានម្នាក់ជាជនជាតិស៊ីរី ក្រៅពីនេះ ជាជនជាតិស្រីលង្កា ។ សារព័ត៌មាន AFP បានដកស្រង់សម្តីរដ្ឋមន្ត្រីការពារជាតិលោក Ruwan Wijewardene បានប្រកាសឲ្យដឹងថា ការវាយប្រហារខាងលើ គឺជាការសងសឹក ទៅលើការវាយប្រហារភេរវកម្ម នៅក្នុងព្រះវិហារអ៊ីស្លាមនៅទីក្រុង Christchurch ប្រទេស នូវេសាឡង់ កាលពីខែមីនា កន្លងមក៕