ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ២ភូមិឆ្ងល់ថាអាជ្ញាធរកាយអាចម៍ដីធ្វើអាងស្តុកទឹកបែរជាស្តារនៅក្រៅអាងទៅវិញ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋរស់នៅ ក្នុងភូមិព្រៃរំដួល និងភូមិស្រែត្រោក ស្ថិត ឃុំសែនដី ស្រុកសំរោងទងខេត្តកំពង់ស្ពឺ បានបង្ហាញចម្ងល់ចំពោះក្រុមអ្នកកាយ យកអាចម៍ដីដែលនៅព័ទ្ធជុំវិញអាងទឹក ភូមិព្រៃរំដួល ។

ក្រុមប្រជាពលរដ្ឋក្នុងភូមិស្រែត្រោក បានឲ្យបណ្តាញផ្សព្វផ្សាយដឹងថា មុនដំបូង ពួកគាត់សប្បាយចិត្ត ដែលអាជ្ញាធរបានជួយ កាយនិងស្តារអាងស្តុកទឹកក្នុងភូមិរបស់ពួកគាត់ ប៉ុន្តែបែរជាឃើញគ្រឿងចក្រមកកាយយកអាចម៍ដី ប៉ះពាល់ដល់ដីធ្វើស្រែរបស់ពួកគាត់ដែលព័ទ្ធជំុវិញអាងទឹកនោះទៅវិញ ។

ត្រង់ចំណុចនេះ ក្រុមប្រជាពលរដ្ឋរស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺថ្លែងថា សកម្មភាពកាយយកអាចម៍ដីរបស់ក្រុម ហ៊ុនខាងលើគឺមានវិសាលភាពធំធេងហើយមិនដឹងថាមានចំនួនប៉ុន្មានហិកតានោះទេ។ ជាងនេះទៀតចំពោះចំណុចដែលត្រូវកាយស្តារនោះ បែរជាអាជ្ញាធរ ឬក្រុមហ៊ុនមិនទៅកាយស្តារយកអាចម៍ដី ប៉ុន្តែបែរជាទៅកាយស្តារយកអាចម៍ដីនៅខាងក្រៅផ្ទៃអាងស្តុកទឹកនោះទៅវិញ ។

ពលរដ្ឋបន្តទៀតថា សកម្មភាពរបស់ ក្រុមហ៊ុនខាងលើគឺមិនត្រឹមតែកាយយកអាចម៍ដី នៅខាងក្រៅអាងទឹកនោះទេ ប៉ុន្តែ ថែមទាំងបានដឹកយកអាចម៍ដីមកចាក់បិទប្រឡាយទឹកថែមទៀតផង ។

ប្រជាពលរដ្ឋបានបន្តទៀតថាចំពោះ អាចម៍ដី ដែលកាយហើយដឹកចេញនោះខាងក្រុមហ៊ុនមិនបានគ្របឬបិទបាំងឱ្យ បានត្រឹមត្រូវទេ ហើយបានជ្រុះអាចម៍ដីធ្លាក់រាយប៉ាយពាសពេញផ្លូវជាតិលេខ៤១នាំ ឱ្យប៉ះពាល់ដល់អ្នកធ្វើចរាចរនៅលើផ្លូវជាតិ និងបានធ្វើឱ្យអាចម៍ដី ដែលធ្លាក់នោះ បានហុយធូលី ប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋ និងកុមារតូចៗដែលមានផ្ទះជាប់ផ្លូវជាតិលេខ៤១ចាប់ពីចំណុចគីឡូម៉ែត្រ៨ ទៅដល់លេខ១០ ។

ប្រជាពលរដ្ឋបន្តថាចំពោះអាចម៍ដីដែល បានកាយយកពីទីតាំងក្បែរមាត់អាង ភូមិព្រៃរំដួលនោះ ពួកគាត់ឃើញខាងក្រុមហ៊ុនដឹកទៅចាក់នៅតាមក្រុមហ៊ុនពុះដីឡូ និង តាមរោងរោងចក្រជាដើម។

ត្រង់ចំណុចនេះ ក្រុមប្រជាពលរដ្ឋរស់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺបានស្នើទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស ថ្នាក់ដឹកនាំថ្នាក់ជាតិមេត្តាជួយពិនិត្យមើល សកម្មភាពរបស់ក្រុមហ៊ុនដែលមកកាយយកអាចម៍ដី ក្នុងមូលដ្ឋានរបស់ពួកគាត់ ឲ្យបានឆាប់ និងស្នើជួយស្តារអាងទឹកក្នុង មូលដ្ឋាននេះឲ្យចំគោលដៅពលរដ្ឋចង់បាន ហើយឈប់ទៅជីកកាយយកអាចម៍ដី ដែលជាដីស្រែ របស់ប្រជាពលរដ្ឋ នៅជាប់មាត់អាងស្តុកទឹកខាងលើជាបន្តទៀត បើ មិនដូច្នេះទេ ក្រុមប្រជាពលរដ្ឋចំនួន២ភូមិ នឹងប្រមូលផ្តុំគ្នាតវ៉ានៅពីមុខមន្ទីរធនធានទឹកនិងឧតុនិយមនិងពីមុខសាលាខេត្តកំពង់ស្ពឺ ក្នុងពេលដ៏ឆាប់ខាងមុខនេះ។

លោក មុំ ស៊ន មេភូមិស្រែត្រោកបានឲ្យដឹងតាមទូរស័ព្ទថាករណីកាយក្រុមហ៊ុន មកយកអាចម៍ដីចេញពីអាងទឹកក្នុងភូមិព្រៃរំដួល និងភូមិស្រែត្រោក ខាងលើនេះ ស្នើឲ្យប្រជាពលរដ្ឋសួរទៅប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺវិញ ទើបដឹងរឿងច្រើនជាង ព្រោះរូបគាត់មានសិទ្ធិឆ្លើយបំភ្លឺករណីនេះ។

ចំណែកលោក ញ៉ាញ់ ជៀបហ៊ង ប្រធាន មន្ទីរធនធានទឹកនិងឧតុនិយមបានណាត់ក្រុមអ្នកយកព័ត៌មានទៅធ្វើបទសម្ភាសន៍នៅកន្លែងធ្វើការរបស់លោកផ្ទាល់ ។

ក្រុមប្រជាពលរដ្ឋនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានសំណូមពរដល់លោក រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមឲ្យ ជួយបញ្ជូនមន្ត្រីឯករាជ្យចុះមកពិនិត្យរាល់សកម្មភាពធ្វើការងារ របស់លោក ញ៉ាញ់ ជៀបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺឲ្យបានឆាប់ដើម្បីឲ្យប្រាកដថា តើសកម្មភាពរបស់មន្ត្រីខាងលើ ជាមួយ ក្រុមហ៊ុនកាយយកអាចម៍ដីនៅជុំ វិញអាងទឹកនាស្រុកសំរោងទងមានច្បាប់អនុញ្ញាតត្រឹមត្រូវនិងបានអនុវត្តស្របតាមកិច្ចសន្យារបស់ផ្នែកពាក់ព័ន្ធឬយ៉ាងណាដែរ?៕ សេនាស័ក្តិ


ចែករំលែក៖