ខេត្តកំពងធំ៖ ផ្ទះ និងបន្ទប់ជួលដែលមានទំហំ ទទឹង៦ម៉ែត្រ និងជម្រៅ៨៤ម៉ែត្រ ស្មើរនឹង២១បន្ទប់ ដែលធ្វើអំពីឈើប្រក់ស័ង្កសី ត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ។ ហេតុការណ៍អគ្គិភ័យនេះកើតឡើងកាលពីវេលាម៉ោងប្រមាណ ៣ និង១៥ នាទីរសៀល ថ្ងៃ ២៣ ខែមេសា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិខោស ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានពីសម្ថកិច្ចមូលដ្ឋានលោក ឈុំ ឈាង នាយប៉ុស្តិ៍នគរបាលឃុំទំរីងបានឲ្យ ដឹងថា ម្ចាស់បន្ទប់ ដំបូងសង្ស័យថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនីតែក្រោយការស្រាវជ្រាវដោយមានការសង្ស័យថាបណ្តាលពីម្ចាស់បន្ទប់ជួល អ្នកលក់នំកង មិនបានពន្លត់ភ្លើង ចង្ក្រាន ក្រោយចម្អិននំរួចបិទទ្វារ ទៅផ្សារលក់នំកង ។
សមត្ថកិច្ចបានបន្ដថា អ្នកជួលបន្ទប់ធ្វើនំកង លក់នោះបានគេចខ្លួនបាត់ហើយ គាត់មានឈ្មោះ ចាបហឿ ភេទស្រី អាយុ ៥៥ឆ្នាំ ទីលំនៅ ស្រុកកំណើតនៅឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបាននិយាយថា ការស្រាវជ្រាវសង្ស័យលើម្ចាស់បន្ទប់ជួលលក់នំកងពីព្រោះ ប្រភពគេឃើញអគ្គិភ័យផ្តើមមានផ្សែង ហុយ និងមានអណ្តាតភ្លើងឆេះចេញពីបន្ទប់ជួលនោះពីដំបូងឡើង ។
ចំណែកគ្រួសារម្ចាស់ផ្ទះ និងបន្ទប់ជួល ឈ្មោះ ហ៊ុន ណាត និង ប្រពន្ធឈ្មោះ ឈន គង់ រស់នៅភូមិ ឃុំខាងលើ ហើយសម្ភារខូចខាតរួមមាន៖ ១/ផ្ទះទំហំ៦គុណ ៨៤ម៉ែត្រ២១បន្ទប់ ។ ២/ លុយដុល្លារ 300$ ។ ៣/ លុយខ្មែរ ៨២៥០០០០ រៀល (ប្រាំបីលានម្ភៃប្រាំម៉ឺន) ។ ៤/ ផ្លាកទីន ១ តម្លឹង (រកឃើញវិញ ក្នុងភ្នក់ភ្លើង) ។ ៥/ គ្រាប់ចន្ទី ១០០ គីឡូក្រាម ។ ៦/ សម្ភារប្រើប្រាស់ក្នុងផ្ទះជាច្រើនទៀត ។ ក្នុងនោះអ្នកជួលបន្ទប់ស្នាក់នៅមានចំនួន១១ គ្រួសារជាកម្មករចៀរកៅស៊ូ មិនទទួលរងគ្រោះថ្នាក់ដល់អាយុជីវិតទេ ។
សមត្ថកិច្ចបានបញ្ជាក់ថា៖ ដោយមានការអន្តរាគមន៍ពន្លត់ អគ្គិភ័យពីសំណាក់កម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋច្រើនកុះករ អស់រយៈពេល ៤៥នាទី រហូតដល់ម៉ោង៤ រសៀល ថ្ងៃដដែល ដោយប្រើប្រាស់រថយន្តសង្គ្រោះចំនួន២គ្រឿង ទើបអគ្គិភ័យរលត់ស្ងប់ មិនបណ្តាលឲ្យរាលដាលឆេះទៅផ្ទះជិតខាង ។
ក្នុងហេតុការណ៍នោះមានរថយន្តអធិការដ្ឋានស្រុកសណ្តាន់ ប្រើប្រាស់អស់ទឹក ២រថយន្ត និង រថយន្តក្រុមហ៊ុនមួយទៀតប្រើប្រាស់ទឹក១រថយន្ត ទើបភ្លើងរលត់អស់ទាំងស្រុង តែផ្ទះជួល និងឆេះខ្ទេចខ្ទីគ្មានសល់ ៕ ប៊ុនរិទ្ធី