ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃពុធ ៥រោច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ បានបញ្ជូនក្រុមចោរឆក់វ័យក្មេង ៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីផ្តន្ទាទោសតាមច្បាប់ ។
មន្រ្តីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថាក្រុមចោរវ័យក្មេងទាំង៣នាក់នេះ ស្ថិតក្នុង២ក្រុមផ្សេងគ្នាដោយ២នាក់ ឈ្មោះ ឈាង ម៉េងឡុង ហៅដំឡូង ភេទប្រុសអាយុ ១៨ឆ្នាំ និង ឈ្មោះ ឈឹម សុវណ្ណវិចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវបានកម្លាំងល្បាតសម្ងាត់របស់អាវុធហត្ថ រាជធានីភ្នំពេញ ប្រដេញធ្លាក់ទឹក និងចាប់បាននៅវេលាម៉ោង៨និង០៥នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅចំណុច មុខវិទ្យាល័យបុរី១០០ខ្នង ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីពួកគេ មានគ្នា៤នាក់ ម៉ូតូ០២គ្រឿង បានធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃរបស់បុរស ០១នាក់ដែលកំពុងជិះម៉ូតូនិយាយទូរស័ព្ទលើដងផ្លូវ តែបក្ខពួក ០២នាក់បានបត់ត្រឡប់ក្រោយគេចខ្លួនរួច សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត ។
ចំណែកម្នាក់ទៀតមានឈ្មោះ ឈ្មោះ សុខ វឌ្ឈន: ហៅមករា ភេទប្រុស អាយុ ១៦ឆ្នាំ ត្រូវបានកម្លាំងល្បាតឯកសណ្ឋាន របស់អាវុធហត្ថមូលដ្ឋានខណ្ឌដូនពេញ ឃាត់ខ្លួនបានភ្លាមៗ នៅវេលាម៉ោង៩យប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុច ផ្លូវសុធារស កែងផ្លូវ១៧៨ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណ:ដែលរូបគេនិងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពឆក់កាបូបស្ពាយ របស់ស្ត្រីម្នាក់ លើម៉ូតូកង់បី តែបក្ខពួកម្នាក់ទៀតបានគេចខ្លួនរួច សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបន្ត។
ក្រោមវិធានការជំនាញ របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញចោរឆក់វ័យក្មេងទាំង០២ក្រុមខាងលើ ក៏បានសារភាពឲ្យដឹងផងដែរថា កន្លងមកពួកគេសុទ្ធតែធ្លាប់បានធ្វើសកម្មភាពឆក់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានសម្រេចជាច្រើនលើករួចមកហើយ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ ស រស្មី