ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្ចាស់ហាងលក់ទូរស័ព្ទយីហោ Apple Gold ត្រូវចោរឆក់កាបូបអស់លុយជាង១ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមប្រភពពីបណ្ដាញសង្គមហ្វេសប៊ុក របស់ម្ចាស់ហាងលក់ទូរស័ព្ទយីហោ Apple Gold បានបង្ហាញភិនភាគក្រុមចោរ ដែលធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់គាត់បានសម្រេច កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ បណ្ដាលឲ្យគាត់ដួលរងរបួស ហើយជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ។

ហេតុការណ៍ឆក់ខាងលើនេះ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីរសៀលថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ បន្ទាប់ពីបណ្ដាញសង្គមហ្វេសប៊ុក របស់ម្ចាស់ហាងលក់ទូរស័ព្ទយីហោApple Gold បានបង្ហាញភិនភាគក្រុមចោរ ដែលធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់គាត់បានសម្រេច នៅចំណុចទល់មុខសាលាវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក លើផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាពេលកន្លងទៅថ្មីៗនេះ ។

ការបង្ហោះសារតាមហ្វេសប៊ុករបស់ហាងទូរស័ព្ទ Apple Gold បាន សរសេរថា “ក្នុងកាបូប ដែលត្រូវបានចោរឆក់ទៅបាត់នោះមានទឹកប្រាក់ចំនួនជាង១ម៉ឺនដុល្លារឯណោះ! (10,000$ជាង) “។ ដោយមិនបានបញ្ជាក់ទេថា គាត់បានទៅដាក់ពាក្យបណ្ដឹង ឬមិនទាន់ដាក់ពាក្យបណ្ដឹងនោះទេ គឺគ្រាន់តែសូមឲ្យបងៗប៉ូលិសជួយស៊ើបអង្កេតស្រាវជ្រាវស្វែងរកជនសង្ស័យទាំងនោះផង ព្រោះស្រុកខ្មែរអីឡូវចោរឆក់ច្រើនណាស់សូមបងប្អូនប្រុងប្រយ័ត្នផង បាត់បង់ទ្រព្យសម្បត្តិហើយ អាចបាត់បង់ជីវិតទៀត ៕ ស រស្មី


ចែករំលែក៖