ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ លើកុមារីម្នាក់នៅគ្រាដែលឪពុកម្ដាយរវល់ការងារ ។

ប្រតិបត្តិការខាងលើធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះកុមារីរងជនគ្រោះ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោក អនុសេនីយ៍ឯក ខៀវ សុខា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលក្បាលត្រាចប្រាប់ថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ចាប់ខ្លួនឈ្មោះ អុី ចាន់ទី ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ឪពុកឈ្មោះ ចាន់ សម្បត្តិ ហៅលន អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ ម្ដាយឈ្មោះ គាំ ពៅអាយុ ៤៨ឆ្នាំ ជនជាតិខ្នែរ មានបងប្អូនប្រុសស្រីចំនួន ០៤នាក់ ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ។ ចំណែកក្មេងរងគ្រោះឈ្មោះ វ លល អាយុ ៧ឆ្នាំ ។

លោក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងក្រោយទទួលបណ្ដឹងពីស្រ្តីជាម្ដាយកុមារីរងគ្រោះ ក្រោយបែកធ្លាយខណៈឃើញកូនស្រីមានសភាពស្លេកស្លាំង។

លោក នាយប៉ុស្ដិ៍បន្តទៀតថា ជនសង្ស័យពាក់ព័ន្ធករណីរំលោភសេពសន្ថវៈខាងលើ បាននាំយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបំពេញសំណុំឯកសារបញ្ជូនបន្តទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត ៕ ប៉ឹម ពិន


ចែករំលែក៖