ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលអន្តោប្រវេសន៍ដេញចាប់ឃាត់ខ្លួនជនជាតិ ជនជាតិចិនម្នាក់ លួចម៉ូតូម៉ាក ZOOMER X អ្នកក្រុងប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលអន្តោប្រវេសន៍ការិយាល័យស៊ើបអង្កេត-អនុវត្ត នីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញប្រតិបត្តិការដេញចាប់ជនជាតិចិន១នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូអ្នកក្រុងប៉ោយប៉ែត ហើយបើកគេចដល់ស្រុកស្វាយចេក ក៏ត្រូវបានចាប់ឃាត់ខ្លួនក្រោយជនជាតិរូបនោះធ្វើសកម្មភាពលួចម៉ូតូអ្នកក្រុងប៉ោយប៉ែតបានសម្រេចហើយនោះ ។ ការចាប់ឃាត់ខ្លួនកម្លាំងនគរបាលអន្តោប្រវេសន៍ ធ្វើឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

​នាយការិយាល័យស៊ើបអង្កេត-អនុវត្តនីតិវិធីផែនការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យលោកវរសេនីយ៍ទោ វ៉ាន់ ទ្រី ប្រាប់ឲ្យដឹងថា ជនសង្ស័យជនជាតិចិន រងការចាប់ខ្លួនមានឈ្មោះ ចាវ ឈឹងចិន ភេទប្រុស អាយុ២២ឆ្នាំ ស្រុកកំណើតនៅខេត្តស៊ីឈួន ប្រទេសចិន ទើបមកស្នាក់នៅបណ្តោះអាសន្ននៅក្រុងប៉ោយប៉ែត ។ ការចាប់ឃាត់ខ្លួនជនសង្ស័យជនជាតិចិនរូបនោះ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់របស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ទោអាត់ ខែម និងមានការសម្របសម្រួលនីតិវីធីតាមគោលការណ៍ច្បាប់ពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ មាស ច័ន្ទពិសិដ្ឋ ។

​លោកនាយការិយាល័យប្រាប់ឲ្យដឹងទៀតថា ជនជាតិចិនរូបនោះសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យគឺគ្មានលិខិតឆ្លងដែននោះទេ មានតែអត្តសញ្ញាណប័ណ្ណជនជាតិចិនតែប៉ុណ្ណោះ ។ រូបគេមកស្នាក់នៅក្នុងប្រទេសកម្ពុជាប្រមាណ២ខែមកហើយ និងទើបមកស្នាក់នៅក្រុងប៉ោយប៉ែតដើម្បីរកការងារធ្វើ ។ លុះនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែមេសា ជនជាតិចិនរូបនោះ បានដើរលេងហើយឃើញម៉ូតូម៉ាកZOOMER X ពណ៌ក្រហម គ្មានស្លាកលេខនិងមានសោរជាប់នឹងម៉ូតូនៅមុខផ្ទះ ក៏លួចជិះចេញទៅតែម្តង ។

​លោកនាយការិយាល័យប្រាប់ឲ្យដឹងទៀតថា ម្ចាស់ម៉ូតូមានឈ្មោះ ទេព លីនដា ភេទ ស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្រោយពីបាត់ម៉ូតូម្ចាស់ម៉ូតូ ក៏បានដាក់ពាក្យប្តឹងនៅកន្លែងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកម៉ូតូនោះផងដែរ ។

​នាយការិយាល័យស៊ើបអង្កេត-អនុវត្តនីតិវិធីផែនការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យលោកវរសេនីយ៍ទោ វ៉ាន់ ទ្រី បានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យជនជាតិចិននៅរសៀលថ្ងៃទី២៤ ខែមេសា ក្រោយពីកម្លាំងនគរបាលការិយាល័យជំនាញសួរនាំរួចហើយ ក៏បានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ចំណែកម៉ូតូនៅថ្ងៃដដែល សមត្ថកិច្ចបានប្រគល់ទៅឲ្យម្ចាស់ដើមយកទៅប្រើប្រាស់វិញនោះហើយ ៕ សំ វិច្ឆិកា


ចែករំលែក៖