ភ្នំពេញ៖ ស្រី្តម្នាក់បើករថយន្តមិនគោរពភ្លើងស្តុប សញ្ញាចរាចរ បានជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បណ្តាលឲ្យកំពិតខូចខាតយ៉ាងដំណំ ហើយមិនព្រមឈប់ដោះស្រាយទេ បានព្យាយាមបើកគេចចេញពីកន្លែងកើតហេតុ ត្រូវម្ចាស់ម៉ូតូកង់បី និងប្រជាពលរដ្ឋដេញតាមឃាត់បាន តែឈ្លោះប្រកែកគ្នាផ្អើលស្តុបផ្សារដើមគ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីម៉ោងជាង១១យប់ ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៨២ កែងផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពពីម្ចាស់ម៉ូតូកង់បីបានឲ្យដឹងថា មុនកើតហតុរូបគាត់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HA-3707 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ភ្លើងស្តុបភ្លើងខៀវ ក៏មានរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាកាមរីហាយប្រីតពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2U-8189 បើកបរដោយស្ត្រីម្នាក់ សង្ស័យស្រវឹងស្រា ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង ដោយមិនគោរពភ្លើងសញ្ញាចរាចរ បានបុកចំម៉ូតូកង់បីខូចខាត ហើយរថយន្តបង្កមិនព្រមឈប់ដោះស្រាយនោះទេ បានព្យាយាមបើកគេចចេញពីកន្លែងកើតហេតុ តែត្រូវបានម្ចាស់ម៉ូតូកង់បី រួមទាំងប្រជាពលរដ្ឋឃើញហេតុការណ៍នោះ បាននាំគ្នាជួយដេញតាមមកដល់ស្តុបផ្សារដើមគ តាមបណ្តោយផ្លូវ៣៣៦ ទើបឃាត់បាន ហើយភាគីទាំងសងខាងឈ្លោះប្រកែកគ្នាឡើងផ្អើលតែម្ដង ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកបានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយខាងភាគីរថយន្តចេញសំណងទៅឲ្យភាគីម៉ូតូកង់បីចំនួន៦០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ ជ្រោយពេជ្រ