ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៤ នាក់រងរបួស ធ្ងន់ ស្រាល ដោយរថយន្ត២គ្រឿងបុកគ្នានៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្ស ប្រុស ស្រី ៤នាក់បានរងរបួស ធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត២គ្រឿងបុកគ្នាក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹងលាន់ដូចរន្ទះកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៦និង១០នាទីល្ងាច លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៥៥-១៥៦ ស្ថិតក្នុងភូមិអង្កសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ប្រុស ស្រី ដែលរងរបួសមាន ឈ្មោះ លី គីមទ្បុង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរ មានទីលំនៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងអ្នករួមដំណើរ៣នាក់ មាន ឈ្មោះ ហុង សត្ស ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅភូមិ ឃុំជាមួយគ្នា ទី២ ឈ្មោះ ទ្បុង ចិន្តា ភេទស្រី អាយុ២៤ ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូមានទីលំនៅភូមិ ឃុំជាមួយគ្នា និងទី៣ ឈ្មោះ កូរ គីមគុណចៃភេទប្រុស អាយុ១ ឆ្នាំជនជាតិខ្មែររងរបួសធ្ងន់ ។

ចំណែកភាគីបង្កហេតុបើករថយន្តម៉ាកពុយសូពណ៏ក្រហមពាក់ស្លាកលេខ ភ្នំពេញ 3B- 9383 បើកបរដោយ ឈ្មោះ អ៊ុន ចាន់ដារ៉ា ភេទប្រុស អាយុ៣១ ឆ្នាំ ជនជាតិខ្មែរមុខរបរបើកបររថយន្តមានទីលំនៅភូមិព្រៃប៉េង ឃុំគ្រុស ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកពុយសូពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B- 9383 បើកបរដោយបុរសម្នាក់លុះបើកបរមកដល់ចំណុចកើតហេតុខាងលើ បានបុកប៉ះ នឹងរថយន្ត១គ្រឿង ម៉ាកព្រួស ពណ៌សំបកឪទ្បឹកពាក់ស្លាកលេខ ភ្នំពេញ 2AS- 1185 និងអ្នករួមដំណើរ៣នាក់ក៏បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។

បច្ចុប្បន្នអ្នករងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យស្វាយរៀង និងវាស់វែងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីបំពេញសំណុំរឿងតាមនីតិវិធី ៕ យឹម សុថាន


ចែករំលែក៖