ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងបើកលឿនជ្រុលបុករថយន្តយីឌុប ខណៈបើកឆ្លងផ្លូវរុញទៅបុករថយន្តហ៊ីណូឈប់ចិញ្ចើមផ្លូវបណ្តាល ឲ្យធ្លាក់ប្រឡាយចំណែករថយន្តកុងតឺន័រ និងយីឌុបគាបជាប់គ្នាជាប់តៃកុងម្នាក់រងរបួសធ្ងន់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខសាលាកូរ៉េ តាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកដីម៉ាកហ៊ីណូ ពណ៌ក្រហម ពាក់ស្លាកលេខចង្កូតស្តាំ PP 0213 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ក៏បានឈប់នៅចិញ្ចើមផ្លូវចុះទិញបាយហូប ស្របពេល ក៏មានរថយន្តយីឌុបដឹកទំនិញពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A 1763 ធ្វើដំណើរឡើងពីផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិចហើយបានឆ្លងផ្លូវមហាវីថីឈ្នះឈ្នះ ទៅត្បូងភ្លាមនោះ ក៏មានរថយន្តកុងតឺន័រដឹកសរសរថ្មពណ៌លឿង 3D 5967 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីឈ្នះឈ្នះក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ក៏បុករថយន្តយីឌុបរុញទៅបុករថយន្តហ៊ីណូបណ្តាលឲ្យធ្លាប់ប្រឡាយចំណែក រថយន្តបង្ក និងរថយន្តយីឌុបគាបជាប់គ្នា និងគាបតៃកុងជាប់រងរបួសធ្ងន់ម្នាក់ ។
ក្រោយកើតហេតុក្រុមមន្ទីរពេទ្យកងពលតូច៧១១ ចេញទៅជួយគាស់យកជនរងគ្រោះចេញពីកាប៊ិន ដឹកយកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះចំណែករថយន្តទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញចរាចរណ៍រាជធានីមកវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ