ភ្នំពេញ៖ នារីរូបស្រស់ម្នាក់ បានជិះម៉ូតូឌុបមកលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច ដោយចំជើងតាងគ្រឹះស្ពានហើយត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋជួយសង្គ្រោះ សែងមកដាក់លើគោក តែនារីរងគ្រោះរងរបួសធ្ងន់បាក់ឆ្អឹងខ្នង ។
ករណីធ្វើអត្តឃាតមិនបានសម្រេចនេះ បានកើតឡើងកាលវេលាម៉ោង៥និង១៧នាទីល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅចំណុចស្ពានព្រះមុនីវង្សចាស់ ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
នារីរងគ្រោះមានឈ្មោះ ហាក់ គន្ធា អាយុ២៥ឆ្នាំ ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងត្របែក ខណ្ឌចំការមន មានស្រុកកំណើត ភូមិព្រែកតាអុង ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯមខេត្តកណ្ដាល ។
សមត្ថកិច្ចឲ្យដឹងថាតាមរៀបរាប់ពីនារីរងគ្រោះដោយសារខឹងគូដណ្ដឹងខ្លួន តែមិនបានបញ្ជាក់ថាមានរឿងអ្វីនោះទេ គ្រាន់តែឲ្យលេខទូរស័ព្ទគូដណ្ដឹងទៅសមត្ថកិច្ច និងមិននិយាយតបត ជាមួយសមត្ថកិច្ចទ្បើយ ។ បន្ទាប់មកក៏បានទាក់ទងទៅបុរសជាគូដណ្ដឹង ដើម្បីសួរនាំពីបញ្ហា ដោយបុរសគូដណ្ដឹង ប្រាប់ថា សព្វថ្ងៃគាត់បានមករស់នៅភ្នំពេញជួលបន្ទប់នៅជាមួយគ្នា តែមិនបានបញ្ជាក់ពីមូលហេតុ នាំឲ្យគូដណ្ដឹង មកលោតទឹកសម្លាប់ខ្លួនទេ គ្រាន់តែថាខាងស្រីប្រចណ្ឌច្រើន សូម្បីតែគាត់ដើរទៅណាឆ្ងាយ ឬទៅណាយូរក៏មិនបានដែរ ។
បន្ទាប់ពីកើតហេតុបុរសជាគូដណ្ដឹង បានទាក់ទងក្រុមគ្រួសារឲ្យប្រញាប់មកមើលជនរងគ្រោះ នៅមន្ទីរពេទ្យបង្អែកមានជ័យដោយសារត្រូវថតស្កែនឆ្អឹងខ្នង សង្ស័យនារីរងគ្រោះលោតទៅបោក នឹងថ្មចំជើងតាងស្ពានបាក់ឆ្អឹងខ្នង ៕ សណ្តោស