ព័ត៌មានទាន់ហេតុការណ៍៖

ប្រាក់ជាង ៣.៥លានដុល្លារ ដោយគ្មានប្រភពច្បាស់លាស់ មកពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា ត្រូវសមត្ថកិច្ចបង្ក្រាបបានជនជាតិចិន៣នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យជាជនជាតិចិន ៣នាក់ បាននាំប្រាក់ជាង ៣.៥លានដុល្លារ ដោយគ្មានប្រភពច្បាស់លាស់ មកពីទីក្រុងហុងកុង ចូលក្នុងប្រទេសកម្ពុជា ត្រូវសមត្ថកិច្ចកម្ពុជាបង្ក្រាបបាននៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងនៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះថា កាលពីថ្ងៃទី២៣ ខែមេសាកន្លងទៅនេះ កម្លាំងនគរបាលអន្ដោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំនៅព្រលានយន្ដហោះ អន្ដរជាតិភ្នំពេញ បានចាប់ខ្លួនជនសង្ស័យ៣នាក់ ដែលបាននាំលុយចំនួន៣,៥២០,០០០ដុល្លារ ដោយពុំមានការបញ្ជាក់ពី ប្រភពហរិញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុងចូលមកប្រទេសកម្ពុជា ។

ជនសង្ស័យទាំង៣នាក់រួមមាន៖ ទី១៖ ឈ្មោះ Wang Shiping កាន់លិខិតឆ្លងដែនលេខEC9259330 មុខរបរ មិនពិតប្រាកដ; ទី២៖ ឈ្មោះ Wang Lichao កាន់ លិខិតឆ្លងដែនលេខED4367915 មុខរបរ មិនពិតប្រាកដ ; ទី៣៖ ឈ្មោះ Zhang Jian កាន់លិខិត ឆ្លងដែនលេខE 35414034 មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរមិនពិតប្រាកដ ។

ក្រសួងមហាផ្ទៃ បានបញ្ជាក់ទៀតថា ក្រោយពីការត្រួតពិនិត្យឯកសាររួច ជនជាតិចិនទាំង៣នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមនីតិវិធី ក្នុងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហរិញ្ញប្បទានភេរវកម្ម ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាននៅកម្ពុជា ។

ការចាប់ខ្លួនជនជាតិចិនទាំង ៣នាក់ខាងលើនេះ ក៏បានកើតមានឡើងបន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង បានចេញសេចក្ដីណែនាំមួយឲ្យកម្លាំងសមត្ថកិច្ចទាំងអស់ បង្កើនវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន៕ស តារា


ចែករំលែក៖