ខេត្តបន្ទាយមានជ័យ៖ ខ្យល់កន្រា្តក់លាយឡំនឹងភ្លៀងផ្គរ រន្ទះបក់បោកយ៉ាងខ្លាំងវាយប្រហារ ប៉ះចំខេត្តបន្ទាយមានជ័យបន្តទៀតហើយបង្កឲ្យផ្ទះប្រជាពលរដ្ឋចំនួន៧ស្រុកក្រុងក្នុងចំណោម៩ស្រុកក្រុងបានរងការខូចខាតដួលរលំ និងរបើកដំបូលផ្ទះសរុប១៨៦ខ្នង សាលារៀន៣ខ្នង និងរន្ទះបាញ់ងាប់សត្វគោ១ក្បាល ។
ហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្រ្តាក់បានកើតឡើង នៅចន្លោះវេលាម៉ោង១ និង៣០នាទីរសៀល ទៅម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ រួមមានៈស្រុកព្រះនេត្រព្រះ, ស្រុកមង្គលបូរី, ស្រុកស្វាយចេក, ស្រុកថ្មពួក, ក្រុងសិរីសោភ័ណ, ស្រុកម៉ាឡៃ, និងស្រុកអូរជ្រៅ ។ ក្នុងចំណោមស្រុកក្រុងទាំង៧ ដែលរងគ្រោះដោយខ្យល់កន្រ្តាក់សេចក្តីរាយការណឲ្យដឹងថា ស្រុកព្រះនេត្រព្រះបានរងការខូចខាតផ្ទះប្រជាពលរដ្ឋធ្ងន់ធ្ងរជាងគេ ។ គ្រោះធម្មជាតិនោះ មិនមានសេចក្តីរាយការណ៍ពីបាត់បង់គ្រោះថ្នាក់អាយុជីវិតប្រជាពលរដ្ឋនោះឡើយ ។
បើយោងតាមរបាយការណ៍បឋមរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឲ្យដឹងថាខ្យល់កន្រ្តាក់វាយប្រហារប៉ះចំស្រុកព្រះនេត្រព្រះរងការខូចខាតផ្ទះប្រជាពលរដ្ឋ១១៨ខ្នងក្នុងនោះរបើកដំបូល១១៦ខ្នង សាលារៀន១ខ្នង និងរន្ទះបាញ់សម្លាប់សត្វគោ១ក្បាល, ស្រុកមង្គលបូរីខូចខាតផ្ទះ២២ខ្នងក្នុងនោះដួលរលំទាំងស្រុង៣ខ្នង របើកដំបូល១៨ខ្នង និងសាលារៀន១ខ្នង, ស្រុកស្វាយចេករងការខូចខាតផ្ទះ១២ខ្នងដោយរបើកដំបូល, ស្រុកថ្មពួកខូចខាតផ្ទះ១ខ្នងរបើកដំបូល, ក្រុងសិរីសោភ័ណខូចខាតផ្ទះ៤ខ្នងរបើកដំបូល, ស្រុកម៉ាឡៃខូចខាតផ្ទះ១៣ខ្នងរបើកដំបូល, ស្រុកអូរជ្រៅ ខូចខាតផ្ទះ១ខ្នងរបើកដំបូលផ្ទះ ។
បើយោងតាមរបាយការណ៍ឲ្យដឹងទៀតថា ក្រោយពីកើតហេតុការណ៍ខ្យល់កន្រ្តាក់នោះហើយគឺមានសមត្ថកិច្ចទាំង៣ប្រភេទកម្លាំងនគរបាល កម្លាំងយោធា និងកម្លាំងអាវុធហត្ថ រួម និងអាជ្ញាធរដែនដីបានចេញអន្តរាគមន៍ជួយរុះរើផ្ទះ និងកសាងជួសជុលផ្ទះជូនដល់ប្រជាពលរដ្ឋរងគ្រោះខាងលើឡើងវិញ ដើម្បីជួយសម្រាល់ដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ ដែលកំពុងប្រឈមបាត់បងទីជម្រក ។
សូមរំលឹកថាខេត្តបន្ទាយមានជ័យចាប់តាំងពីថ្ងៃចូលឆ្នាំប្រពៃណីខ្មែរនោះមកគេសង្កេតឃើញបានរងគ្រោះធម្មជាតិខ្យល់កន្រ្តាក់ប្រមាន៥ទៅ៦លើកនោះហើយ ។ គ្រោះធម្មជាតិខ្យលកន្រ្តាក់ ដែលលាយឡំ និងភ្លៀងផ្គរន្ទះនៅខេត្តបន្ទាយមានជ័យក៏បានបង្កឲ្យរងបួសប្រជាពលរដ្ឋ និងរន្ទះបាញ់ផ្តាច់ជីវិតប្រជាពលរដ្ឋរួម និងសត្វពាហនៈ និងខូចខាតផ្ទះរាប់រយខ្នងនោះហើយ ។
ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់មួយចំនួនក៏បានទទួលអំណោយពីសប្បុរសធម៌កាកបាទក្រហមកម្ពុជាសាខាខេត្តបន្ទាយមានជ័យ និងទទួលអំណោយពីថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋាន រួមសមត្ថកិច្ច ជាបន្តបន្ទាប់ ដើម្បីដោះស្រាយការលំបាកចំពោះមុខបាន១គ្រា ។ ជំវិញបញ្ហាខ្យលកន្រ្តាក់អាជ្ញាធរខេត្តបន្ទាយមានជ័យក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋមានប្រុងប្រយ័ត្ន ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិត ៕ សំ វិច្ឆិកា