ខេត្តបន្ទាយមានជ័យ៖ សិស្សបឋមសិក្សាអូរអំបិល៥២នាក់ ក្នុងចំណោម៤០០នាក់ បានផឹកទឹកដោះគោ ANGKORMILK រួចហើយរងការឈឺក្បាលចុកពោះ ក្តៅខ្លួន ក្អួតចង្អោរ អាណាព្យាបាលសិស្ស និងគ្រូបង្រៀនដាក់ការសង្ស័យរងការពុលពីទឹកដោះគោ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យរដ្ឋ និងឯកជន ដើម្បីសង្រ្គោះបន្ទាន់ ក្រោយពីក្រុមហ៊ុនទឹកដោះគោANGKORMILK បានផ្សព្វផ្សាយផលិតផលទឹកដោះគោដោយមានការចែកទឹកដោះគោឲ្យសិស្សផឹកដោយគិតថ្លៃ ។ ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
សិស្សរងការពុលក្អួតចង្អោរ៥២នាក់នោះ ត្រូវបានដឹកបញ្ជូនសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ក្រុងសិរីសោភ័ណ១២នាក់ មន្ទីរសម្រាកព្យាបាលបានសុខ៤០នាក់ ។ សិស្ស៥២នាក់ មានស្រី២៨នាក់ ប្រុស២៤នាក់ ។
ជុំនៃបញ្ហានោះបើតាមប្រភពព័ត៌មានពីលោកគ្រូម្នាក់ បង្រៀននៅសាលាបឋមសិក្សាអូរអំបិលប្រាប់ឲ្យដឹងថា មុនពេលកើតហេតុមានក្រុមហ៊ុនទឹកដោះគោANGKORMILK បានដឹកផលិតផលតាមរថយន្តមកផ្សព្វផ្សាយពាណិជ្ជកម្មហើយចែកទឹកដោះគោជូនដល់សិស្សប្រមាណ៤០០នាក់ចាប់ពីសិស្សមតេយ្យរហូតដល់ថ្នាក់ទី៦ ។ ទឹកដោះគោនោះបានក្លាស្សេទឹកត្រជាក់ ហើយក៏បានចែកឲ្យសិស្សផឹកមិនគិតថ្លៃនៅពេលសិស្សចេញលេងវគ្គទី២ ។ លុះបន្ទាប់ពីសិស្សផឹករួចហើយក៏ស្រាប់តែមានសិស្ស៣ថ្នាក់មានបញ្ហា ។ មុនដំបូងមានសិស្សខ្លះចាប់ផ្តើមមានអការចុកពោះ ឈឺក្បាល និងក្អួតចង្អោរ ។ បន្ទាប់មកមានសិស្សបន្តបន្ទាប់គ្នាទៀតមានអការដូចគ្នាកាន់តែច្រើនឡើងបង្កឲ្យមានការភ្ញាក់ផ្អើល ដល់អាណាព្យាបាល និងគ្រូ បង្រៀន ឆោឡោ ដឹកសិស្ស និងកូនៗទាំងនោះទៅកាន់មន្ទីរពេទ្យបន្ទាន់តែម្តង ។
លោកគ្រូដ ដែលបញ្ជាក់ឲ្យដឹងទៀតថាក្រុមហ៊ុនទឹកដោះគោមផ្សព្វផ្សាយ និងចែកទឹកដោះគោឲ្យសិស្សផឹកគឺឃើញមានលិខិតអនុញ្ញាតពីមន្ទីរអប់រំយុវជន និងកីឡាខេត្ត ដែលមានការចុះហត្ថលេខាដោយអនុប្រធានមន្ទីរ អនុញ្ញាតឲ្យក្រុមហ៊ុននោះមកចែកទឹកដោះគោជូនសិស្ស ។
លោកគ្រូដ ដែលឲ្យដឹងទៀតថានៅក្នុងសាលារបស់លោកកន្លងមកមិនអនុញ្ញាតឲ្យក្រុមហ៊ុនមកចែកទឹកដោះគោឲ្យសិស្សផឹកនោះទេ ប៉ុន្តែដោយសារតែថ្នាក់លើខាងមន្ទីរអនុញ្ញាតគឺសាលាមិនហ៊ានប្រកែកនោះឡើយ ។
ជុំវិញបញ្ហានោះប្រធានមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណលោក អ៊ីវ ដារ៉ាវុឌ្ឍប្រាប់ឲ្យដឹងថា សិស្សសម្រាកព្យាបាលមន្ទីរពេទ្យបង្អែកក្រុង១២នាក់មានអការឈឺក្បាល ចុកពោះ ក្អួត ចង្អោរ គឺពុលចំណីអាហារ ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ ។ បញ្ហានេះលោកមិនទាន់ដឹងថាបង្កមកពីទឹកដោះគោរឺពុលចំណីអាហារនៅក្នុងសាលានោះទេ ។ សំណាកទឹកដោះគោខាងមន្ទីរពេទ្យយកមកពិនិត្យកាលបរិច្ឆេទគឺនៅមានសុពលភាព ត្រូវបានយកទៅពិសោធន៍នៅរាជធានីភ្នំពេញ ក្រោយពិសោធន៍ទើបដឹងលទ្ធផល ។ លោកប្រាប់ទៀតថា សិស្ស១២នាក់មានអការធូរស្បើយនោះហើយ ។
ប៉ុន្តែជុំវិញបញ្ហានេះ បើតាមការបញ្ជាក់ឲ្យដឹងពីភ្ញាក់ងារក្រុមហ៊ុនក្រុមហ៊ុទឹកដោះគោ ANGKORMILK ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្ថិ៍សង្កាត់អូរអំបិល ដែលចុះទៅអង្កេតកន្លែងកើតហេតុឲ្យដឹងថា ក្រុមហ៊ុនបានចែកទឹកដោះគោនោះ ជូនសិស្សនៅក្នុងខេត្តបន្ទាយមានជ័យច្រើន សាលាមកហើយមិនមានបញ្ហាអ្វីនោះទេ ។ ទើបតែមានបញ្ហានៅសាលាអូរអំបិលតែមួយគត់ ។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃដដែលសិស្សរងការពុលក្អួតចង្អោរ៥២នាក់នោះ មាន៤០នាក់ដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនបានសុខបានចេញទៅផ្ទះរួចអស់ហើយ ។ នៅសល់សិស្សសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណតែ១២នាក់ទៀតមិនទាន់ចេញទៅផ្ទះនៅឡើយនោះទេ ៕ សំ វិច្ឆិកា