ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលសម្រាប់មិត្តរួមអាជីព និងអ្នកគាំទ្រក្រោយពីតារាពហុជំនាញ ជុំ ច័ន្ទកក្កដា ហៅរ៉ូលីន បានបញ្ចេញរថយន្តទំនើបLexus LX 570 ថ្លៃជាង២០ម៉ឺនដុល្លារថ្មីសម្លាងមួយគ្រឿងជាដូសម្រាប់ខ្លួនឯង។ រ៉ូលីន និងករុណាពេជ្រ ក៏បានក្លាយជាសិល្បករថ្មីដែលមានរថយន្តទំនើបពេញនិយមបំផុតនៅកម្ពុជា និងមានតម្លៃថ្លៃនោះ។
ការប្រឹងប្រែងជាច្រើនឆ្នាំក្នុងវិស័យសិល្បៈបានរុញច្រានឲ្យជីវភាពរស់នៅរបស់ រ៉ូលីន ឡើងខ្ពស់ត្រដែត។ តារានិយមតែងខ្លួនស្រី និងច្រៀងបានសំឡេង២រូបនេះ ក្តាប់បានឱកាសការងារសិល្បៈជាច្រើនបន្តបន្ទាប់ទាំងការងារទូរទស្សន៍ ការប្រគំតន្ត្រី និងច្រៀងរាំតាមកម្មវិធីជប់លៀងតូចធំជាហូរហែ។ ក្រៅពីជម្រកនិងសម្ភារៈប្រើប្រាស់ទំនើបៗ នាងក៏បានបញ្ចេញរូបថតនៃការសែនព្រេនសុំសេចក្តីសុខពីការទិញរថយន្តថ្មី Lexus LX 570 ។ យ៉ាងណាមិញ រ៉ូលីន មិនបានបញ្ជាក់ពីតម្លៃរថយន្តដ៏ទំនើបថ្មីសន្លាងមួយគ្រឿងនេះនោះទេ គ្រាន់តែលើកឡើងថា រថយន្តនេះគឺនាងទិញជាកាដូសម្រាប់ខ្លួនឯង តែទោះបីជា រ៉ូលីន មិនបានទម្លាយពីតម្លៃសមាជិកថ្មីរបស់ខ្លួនក៏ដោយ បើតាមតម្លៃទីផ្សារបច្ចុប្បន្ន រថយន្តទំនើបមួយគ្រឿងនេះថ្លៃមិនក្រោយ ២០ ម៉ឺនដុល្លារនោះទេ ។
ការបញ្ចេញរូបថតនេះ មិនបានប៉ុន្មានថ្ងៃផង បន្ទាប់ពីតារាចម្រៀង ករុណាពេជ្រ ដែលគេដឹងថា ជាដៃគូនោះ ត្រូវបានគេដឹងថា ទើបនឹងផ្លាស់ប្តូរមកជិះរថយន្តទំនើបមួយនេះផងដែរ ។ ទោះជាយ៉ាងណាក្រៅពីសិល្បករទាំងពីរនៅមានសិល្បករជាច្រើនទៀតក៏មានរថយន្តទំនើប Lexus LX 570 នេះប្រើប្រាស់ផងដែរ ដូចជាកញ្ញា ម៉ាក សែនសូនីតាហៅតូតា កញ្ញា គង់ វង្សយ៉ាទី កញ្ញា ពៅ លីដា លោក សុគន្ធ ថេរ៉ាយុ អ្នកនាង សឿ សុធារ៉ា និងសិល្បករមួយចំនួនទៀត៕ វឌ្ឍនា