ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរសេដ្ឋកិច្ច ហិរញ្ញវត្ថុខេត្តមណ្ឌលគិរីឆ្លៀតច្រៀកដីមុខមន្ទីរ​ឲ្យកូនលក់​ទំនិញ

ចែករំលែក៖

ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ​ នៅក្រុងសែនមនោរម្យ ទីរួមខេត្តមណ្ឌលគិរី ម្នាក់ៗនាំគ្នាយក​ដៃរឹតដើមទ្រូង ក៏ព្រោះតែលោក​ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​យកដីចិញ្ចើមផ្លូវ​មុខមន្ទីរឲ្យកូនលក់ខោអាវ ។ ការធ្វើបែបនេះ ក៏ព្រោះតែដើម្បី​ប្រយោជន៍ផ្ទាល់ខ្លួន ហើយ​អនាគតអាចនឹងក្លាយទៅជាម្ចាស់កម្មសិទ្ធិលើដីរួមនេះ ។ ក្រុមមន្ត្រី​នៅមន្ទីរហិរញ្ញវត្ថុ​បានត្រឹមដើរគ្រវីក្បាល ពីព្រោះថា លោករឿន ផៃរិទ្ធ ប្រធានមន្ទីរ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ដែលល្បីល្បាញរឿងពុករលួយយូរឆ្នាំមកនោះ បែរជាមកសន្សំកាក់ល្អិតនៅកណ្តាលវាលទៅវិញ ។

ប្រភពរាយការណ៍ថា តម្លៃនៃការអនុញ្ញាតឲ្យកូនសង់តូបលក់ឥវ៉ាន់ នៅមុខមន្ទីរ​នោះមិនជាថ្លៃប៉ុន្មានទេ ប៉ុន្តែវាជាផលប្រយោជន៍​នៃការលក់​ទំនិញ ដែលជា​កូនរបស់លោកប្រធានមន្ទីរនោះតែម្តង ។ ការតាំងលក់​ទំនិញជាតូបនៅមុខមន្ទីរបែបនេះ ក្រៅតែពីធ្វើឲ្យបាត់បង់សោភ័ណ្ឌ​ភាព​ក្នុងទីក្រុង មុខមន្ទីរនេះ ក៏ត្រូវបានបាំងបិទផងដែរ ។ ប៉ុន្តែព្រោះតែផលប្រយោជន៍ក្រុមគ្រួសារលោកប្រធានមន្ទីរ​មិនគិតអ្វីសោះឡើយ ។ ប្រភពពីមន្ត្រីនៅក្រោមអំណាច​លោក រឿន ផៃរិទ្ធ អះអាងថា ការអនុញ្ញាតឲ្យសាងសង់តូបនៅមុខមន្ទីរនោះ គឺជារឿងអត្តនោម័ត​របស់លោក​ប្រធានមន្ទីរ ដែល​គ្មាននរណា​ហ៊ាន​តវ៉ា​នោះឡើយ។ ក្រុមមន្ត្រីនៅក្នុងមន្ទីរនោះបានបន្តថា ក្រៅពីអំពើពុករលួយ ដែលមន្ត្រី​នៅ​ជុំវិញសាលាខេត្ត​សុទ្ធតែដឹងនោះ លោករឿន ផៃរិទ្ធជាមេដឹកនាំ​ដែលធ្វើការ សម្រេចចិត្តដោយអត្តនោម័ត ។

បើតាមប្រភពរាយការណ៍ថា នៅ​ក្រុងសែនមនោរម្យ​ ដីទំនេរមានច្រើនកន្លែង ហេតុអ្វី​បានជាគេ​មិនទៅ​ជួលដើម្បីលក់​ឥវ៉ាន់ ហើយត្រូវ​មក​ធ្វើតូបនៅមុខមន្ទីរ​យ៉ាងដូច្នេះ? វាមិនមែនជារឿងផលប្រយោជន៍លុយកាក់អ្វីទេ ប៉ុន្តែ វាជាផលប្រយោជន៍​បុគ្គល លោក រឿន ផៃរិទ្ធ និងអ្នកលក់នោះឯង ។ ដោយសារតែបញ្ហាប្រយោជន៍បុគ្គលនោះហើយ បានជាក្រុមមន្ត្រី​នៃ​មន្ទីរ​សេដ្ឋកិច្ច ហិរញ្ញវត្ថុខេត្តមណ្ឌលគិរី អះអាងថា មានរឿងអាស្រូវជាច្រើន​ដែល​គេមិនអាចអត់ទ្រាំបាន ហើយសង្ឃឹមថា ថ្នាក់ដឹកនាំ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពិនិត្យ​មើល​ករណីមិនប្រក្រតីជាច្រើន​នៅក្នុងមន្ទីរសេដ្ឋកិច្ច​ហិរញ្ញវត្ថុខេត្តមណ្ឌលគិរី ៕


ចែករំលែក៖