ព័ត៌មានទាន់ហេតុការណ៍៖

សន្តិសុខរោងចក្រចងក ធ្វើអត្តឃាត ក្នុងបន្ទប់ទឹក គ្មានមូលហេតុច្បាស់លាស់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ដែលគេអះអាងជាសន្តិសុខរោងចក្ររបស់ក្រុមហ៊ុនកាត់ដេរមួយកន្លែង បានសម្រេចចិត្តចងកធ្វើអត្តឃាតនៅក្នុងបន្ទប់ទឹកផ្ទះជួលមួយកន្លែង ដោយពុំដឹងមូលហេតុច្បាស់លាស់ ។

ហេតុការណ៍ចងកធ្វើអត្តឃាតបានសម្រេចខាងលើ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៦ និង១៩នាទី ព្រលប់ថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ទឹកផ្ទះជួលរបស់ឈ្មោះ ខៀវ វុទ្ធី ហៅអ្នកគ្រូម៉ាច ភេទស្រី អាយុ ៥៨ឆ្នាំ ជនជាតិខ្នែរ ស្ថិតក្នុងភូមិកណ្ដាល ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោក អនុសេនីយ៍ឯក ខៀវ សុខា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលក្បាលត្រាច ប្រាប់ថា បុរសរងគ្រោះគិតខ្លីឈ្មោះ គិត ឌីណា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្នែរ មុខរបរសន្តិសុខរោងចក្រកាត់ដេររបស់ ក្រុមហ៊ុន(តៃអ៊ីសុី) ទើបការប្រពន្ធឈ្មោះ ប្រាក់ ផល្លី អាយុ ២៦ឆ្នាំ មានទីលំនៅភូមិឃ្លាំងមឿង ឃុំអន្លង់ ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បច្ចុប្បន្ន ស្នាក់នៅភូមិ ឃុំ កើតហេតុខាងលើ ។

លោក អនុសេនីយ៍ឯក នាយប៉ុស្ដិ៍នគរបាលបន្តថា យោងតាមសម្តីរបស់ឈ្មោះ គិត សៀងលី ត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះ (គិត ឌីណា) ថា នៅវេលាម៉ោងខាងលើអ្នកគ្រូម្ចាស់ផ្ទះ ជួលទូរស័ព្ទប្រាប់ខ្លួនថា បន្ទប់(ឌីណា)ចាក់សោខាងក្នុងជាប់ហៅអត់លឺសោះមកមើលវាផង ខណៈខ្លួន(សៀងលី) រូសរាន់មកភ្លាម ខំគោះទ្វារបណ្ដើរ ហៅបណ្ដើរតែគ្មានការឆ្លើយតបទេ ក៍សម្រេចកាត់សោចូលឃើញប្អូនប្រុស ចងកដោយខ្សែភ្លើងក្នុងបន្ទប់ទឹក នាំគ្នាស្រាយកាត់ចំណងយកទៅមន្ទីរពេទ្យក្រែងរស់ ប៉ុន្តែគ្រូពេទ្យប្រាប់ថា ស្លាប់បាត់ទៅហើយ ។

លោក នាយប៉ុស្ដិ៍បន្តទៀតថា ករណីខាងលើជនរងគ្រោះអាច ពិតជាស្លាប់ដោយចងក សមត្ថកិច្ចកំពុងស្ថិតក្នុង ការស្រាវជ្រាវនៅឡើយ ប៉ុន្តែការសន្ថិដ្ឋានជាបឋមអាចមាន វិបត្តិផ្លូវចិត្ត តែទោះបីជាយ៉ាងណាជនរងគ្រោះមិន គួរគិតខ្លីបែបនេះសោះ ។

សាកសពត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

ប្រភពព័ត៌មានក្រៅផ្លូវការនៅតាម តុកាហ្វេលើកឡើងស្រដៀងៗគ្នាថា ជនរងគ្រោះអាចពិតជាមានវិបត្តិផ្លូវចិត្តពិតប្រាកដ ខណៈបានបាត់លុយអស់ច្រើនពាន់ដុល្លារពីក្នុងកែបម៉ូតូរបស់គាត់នៅកន្លែងធ្វើការ ព្រោះគេដឹងថា គាត់ឆ្លៀតប្រកបរបរមួយផ្សេង (ចងការលុយ) ៕ ប៉ឹម ពិន


ចែករំលែក៖