រយៈពេលមួយសប្តាហ៍បានកន្លងផុតទៅ ក្រោយការវាយប្រហារបង្ហូរឈាមទៅលើព្រះវិហារ កាតូលិក នៅស្រីលង្កា និងទីតាំងសំខាន់ៗ បណ្តាលឲ្យមានអ្នកស្លាប់២៥៣នាក់ និងជាង៥០០នាក់រងរបួស ។ ក្តីឈឺចាប់ដោយការបាត់បង់សាច់ញាតិ និងការអាណិតអាសូរ គ្របដណ្តប់ទូទាំងប្រទេស ។ ជាមួយគ្នានេះ ពលរដ្ឋស្រីលង្កា ដែលទើបតែបានរស់នៅស្ងៀមស្ងាត់ បញ្ចប់សង្គ្រាមស៊ីវិល ជាង១០ឆ្នាំ ពេលនេះត្រូវប្រឈម នឹងការភ័យខ្លាច ម្តងទៀតហើយ ។
ការវាយប្រហារភេរវកម្មខាងលើ បានធ្វើឲ្យពលរដ្ឋ ស្រីលង្កានឹកឃើញដល់អនុស្សាវរីយ៍ឈឺចាប់ក្នុងសង្គ្រាមស៊ីវិល ដែលអូសបន្លាយតាំងពីឆ្នាំ១៩៨៣ ដល់ឆ្នាំ២០០៩ ពេលក្រុមឧទ្ទាម ទាមទារបំបែករដ្ឋ តាមិល (Tamil LTTE)ប្រដាប់ដោយអាវុធដណ្តើមគ្រប់គ្រង តំបន់ភាគខាងឦសានប្រទេសស្រីលង្កា ។
សង្គ្រាមស៊ីវិលបានបញ្ចប់ក្រោយរដ្ឋាភិបាលបានយកឈ្នះក្រុមឧទ្ទាមតាមិល នៅឆ្នាំ២០០៩ ប៉ុន្តែវិវាទជាតិសាសន៍ សាសនានៅតែបន្តកើនមាននៅក្នុងប្រទេសនេះដដែល ។ វិវាទសាសនា កើតឡើងរវាងក្រុមជនជាតិ Sinhala មានភាគច្រើន ហើយជាអ្នកកាន់ព្រះពុទ្ធសាសនា ជាមួយ នឹងជនជាតិភាគតិច តាមិល កាន់សាសនាហិណ្ឌូ និងសាសនាអ៊ីស្លាម កាតូលិក ។
នៅពេលនេះ រដ្ឋាភិបាលស្រីលង្កា បានចោទប្រកាន់ក្រុមអិស្លាម ក្នុងប្រទេសគឺ National Trowheeth Jama’ath (NTJ) និងក្រុម Jammiyathul Millathu Ibrahim ជាប់ពាក់ព័ន្ធ និងការវាយប្រហារកាលពីសប្តាហ៍កន្លងមក ។ ក្រុម NTj ជាប់ពាក់ព័ន្ធនឹងការបង្កអំពើហិង្សាទៅលើអ្នកកាន់ព្រះពុទ្ធសាសនា ក៏ដូចជាឡើងគម្រោងវាយប្រហារទៅលើក្រុមសាសនាកាតូលិក ។
នៅពេលនេះដែរ ប្រទេសជាច្រើនជុំវិញពិភពលោកបានស្នើដល់ពលរដ្ឋរបស់ខ្លួនកុំទៅកាន់ស្រីលង្កា បើគ្មានរឿងចាំបាច់ទេនោះ ដោយសារតែមានក្រុមភេរវកម្មជាច្រើន លាក់ខ្លួនអាចបើកការវាយប្រហារគ្រប់ពេលវេលា ។
បច្ចុប្បន្នមានក្រុមភេរវកម្មជាច្រើន កំពុងលាក់ខ្លួននៅក្នុងទឹកដីស្រីលង្កានៅឡើយហើយ ក្រុមនេះ អាចឡើងគម្រោងវាយប្រហារជាបន្តទៀត ។ ពេលថ្មីៗនេះ ទាហានជាច្រើន និងប៉ូលិសស្រីលង្កា បាញ់សម្លាប់ ពេលចូលទៅត្រួតពិនិត្យតំបន់ផលិតរំសេវផ្ទុះរបស់ក្រុមភេរវកម្ម ។
កម្លាំងប៉ូលិស និងទាហានរបស់ស្រីលង្កា បានក្លាយជាគោលដៅវាយប្រហាររបស់ក្រុមភេរវកម្ម ដែលលាក់ខ្លួននៅក្នុងប្រទេសស្រីលង្កា ។ សារព័ត៌មាន Sputnik បានផ្សាយថា មានការប៉ះទង្គិចគ្នាដោយអាវុធ នៅតំបន់ភាគខាងកើតស្រីលង្កា កាលពីថ្ងៃទី២៦ ខែមេសា ពេលក្រុមសន្តិសុខ ចូលទៅកាន់តំបន់សង្ស័យផលិតគ្រឿងផ្ទុះ សម្រាប់វាយប្រហារភេរវកម្ម ។ ការបាញ់ប្រហារគ្នាខាងលើ មិនទាន់ដឹងថា មានអ្នកស្លាប់ ប៉ុន្មាននាក់នោះឡើយ ។
កាលពីចុងសប្តាហ៍មុន មានការវាយប្រហារភេរវកម្ម ៨កន្លែង បណ្តាលឲ្យមនុស្ស២៦០នាក់ស្លាប់ និងជិត៥០០នាក់រងរបួស ។
ក្រុមភេរវកម្ម អ៊ីស្លាម បានចេញមុខទទួលស្គាល់ថា ជាការវាយប្រហាររបស់ក្រុមខ្លួន ។ ប្រធានាធិបតីស្រីលង្កា លោក Maithripala បានប្រកាសថា នៅក្នុងទឹកដីរបស់លោកមានក្រុមភេរវកម្ម ប្រមាណ១៣០-១៤០នាក់កំពុងលាក់ខ្លួន ។
តាមលទ្ធផល របស់ក្រុមអ្នកស្រាវជ្រាវ បង្ហាញឲ្យឃើញថា ក្រុមភេរវកម្ម ៩នាក់បានបើកការវាយប្រហារភេរវកម្ម អត្តឃាតកាលពីថ្ងៃទី២១ ខែមេសា ក្នុងនោះមាន ៨នាក់ស្គាល់អត្តសញ្ញាណ ។
កម្លាំងសន្តិសុខ ស្រីលង្កា រងការចោទប្រកាន់ថា ទន់ខ្យោយមិនអាចទប់ស្កាត់ក្រុមភេរវកម្មវាយប្រហារបានឡើយ ។ នៅពេលនោះ ប្រធានាធិបតីស្រីលង្កាបាននិយាយថា សូម្បីតែអាមេរិក បារាំង និងប្រទេសតំបន់អឺរ៉ុប ដែលមានសន្តិសុខ ល្អ ក៏មិនអាចទប់ស្កាត់ការវាយប្រហារបានផងដែរ ។
ប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena បាននិយាយថា នឹងមិនអនុញ្ញាតឲ្យកងកម្លាំងបរទេសណាមួយ ចូលមកជួយកម្ចាត់ក្រុមសកម្មប្រយុទ្ធដែលមានទំនាក់ទំនងជាមួយពួក ISIS ជាង១៤០នាក់ ដែលកំពុងមានសកម្មភាពនៅក្នុងប្រទេសរបស់លោក ។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាននៅទីក្រុង កូឡុំបូ នៅថ្ងៃ២៦ ខែមេសា លោក Sirisena បានគូសបញ្ជាក់យ៉ាងដូច្នេះថា «គ្មានកងកម្លាំងបរទេសណាមួយ ត្រូវបានអនុញ្ញាតឲ្យឈានជើងចូលក្នុងប្រទេសស្រីលង្កានោះទេ… ប៉ុន្តែយើង និងទទួលជំនួយនានាពីប្រទេសជាមិត្ត ក្នុងការប្រយុទ្ធប្រឆាំង និងពួក ISIS ពីព្រោះជឿជាក់ប៉ូលិស និងកងកម្លាំងសន្តិសុខរបស់យើង មានសមត្ថភាពគ្រប់គ្រាន់កម្ចាត់ពួក ISIS ចេញពីស្រីលង្កា» ។
ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ ជាការបន្ធូរបន្ថយស្ថានភាពបច្ចុប្បន្ន ប្រធានាធិបតីរូបនេះបានលើកឡើងដោយប្រយោលថា សូម្បីតែមហាអំណាចអាមេរិក ក៏ធ្លាប់ឈឺចាប់ខ្លោចផ្សា ដោយសារការវាយប្រហារភេរវកម្មដែរ នោះគឺមហាភេរវកម្មកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ។
គួរបញ្ជាក់ថា នៅថ្ងៃសុក្រនេះដែរ អាជ្ញាធរស្រីលង្កាបានទម្លាក់តួលេខអ្នកស្លាប់ពី ៣៥៩នាក់ មកនៅត្រឹម ២៥៣នាក់ នៅក្នុងការវាយប្រហារភេរវកម្មបំផ្ទុះគ្រាប់បែក កាលពីថ្ងៃអាទិត្យ ប្រឆាំង និងសណ្ឋាគារ និងវិហារគ្រិស្ដនៅក្នុងទីក្រុងកូឡុំ និងនៅទីក្រុង បាត់ធីខាឡាវ (Batticaloa) ។
ចំណែកឯមនុស្ស ៧៤នាក់ត្រូវបានចាប់ខ្លួនដើម្បីសួរចម្លើយ ហើយបច្ចុប្បន្នអាជ្ញាធស្រីលង្កាកំពុងបន្តការស៊ើបអង្កេតថា តើក្រុមភេរវករ ISIS ពិតជានៅពីក្រោយសកម្មភាពវាយប្រហារ កាលពីថ្ងៃអាទិត្យដូចការអះអាង របស់ពួកគេដែរ ឬយ៉ាងណា ខណៈក្រុមភេរវករក្នុងតំបន់ហៅថា ហ្សាម៉ាអាត ថូវីត (National Thowheeth Jama’ath) ត្រូវបានរដ្ឋាភិបាលស្រីលង្កាចោទប្រកាន់ថា ជាអ្នកប្រព្រឹត្ត៕