ភ្នំពេញ៖ នាពេលអនាគតនេះ ក្របខ័ណ្ឌក្រសួងការពារជាតិ គឺមាននាយឧត្ដមសេនីយ៍ពាក់ផ្កាយមាស៤ តែ២រូបប៉ុណ្ណោះ គឺ សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និង នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ។
ពាក់ព័ន្ធបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់បទសម្ភាសន៍ជាមួយអង្គភាពសារព័ត៌មាន ក្នុងស្រុក ដែលស្និទ្ធជាមួយរាជរដ្ឋាភិបាល ថា “នៅថ្ងៃអនាគតខាងមុខនេះទៀត ក្នុងជួរកងទ័ពមានតែរដ្ឋមន្រ្តីការពារជាតិ និងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទប៉ុណ្ណោះ ដែលពាក់ផ្កាយ៤, ត្រឹមអគ្គមេបញ្ជាការរង និងអគ្គនាយកនៃអគ្គនាយកដ្ឋាននានា ពាក់ត្រូវផ្កាយ៣, អគ្គនាយករងពាក់ត្រឹមផ្កាយ២ប៉ុណ្ណោះ។ មេបញ្ជាការកងទ័ពជើងគោក ជើងអាកាស ជើងទឹក គឺពាក់ត្រឹមផ្កាយ៣ និងតាមបណ្តាមេបញ្ជាការភូមិភាគនានា ផ្តល់ត្រឹមផ្កាយ២។ ដោយឡែកអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទទាំងអស់ នឹងត្រូវពាក់ត្រឹមផ្កាយ៣” ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា ចំណែកថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ដែលពាក់ផ្កាយ៤ និងទម្លាក់មកត្រឹមផ្កាយ៣ ។ ពាក់ព័ន្ធនឹងកំណែទម្រង់នេះសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ដែរថា នឹងធ្វើកំណែទម្រង់លើកម្លាំងនគរបាលផងដែរ ហើយទាំងក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ នឹងសិក្សាលម្អិតបន្ថែមលើការកែទម្រង់នេះ ។
សូមជម្រាបថា នាពេលកន្លងទៅរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ ធ្លាប់បានបង្ហាញអំពីការធ្វើកំណែទម្រង់ស៊ីជម្រៅ ទៅលើវិស័យកងទ័ពផងដែរ ៕ សុខ ខេមរា