ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃទី២៦ ខែមេសា! ស្លាប់ និងរបស់ធ្ងន់ ៣នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ និងចំនួន ២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកក្រគរ និងស្រុកបាកាន ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលស្រុកក្រគរបានឲ្យដឹងថា នៅវេលាម៉ោង៤ និង២០នាទី រសៀលថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់ជាតិ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៨.១៥៩ ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយអ្នកបើកបររថយន្ត ១គ្រឿងម៉ាក តូយ៉ូតា កាមរី បាឡែន ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ 2AL 1425(រត់គេច) ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះទៅដល់ចំណុចកើតហេតុ បានជ្រុលបុកអ្នកជិះម៉ូតូ ១គ្រឿង ដែលកំពុងធ្វើដំណើរស្របទិសគ្នារួចបត់ឆ្លងផ្លូវទៅផ្នែកខាងឆ្វេងដៃ បណ្ដាលឲ្យស្រ្តីឈ្មោះ លី ផាន់នី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំ កើតហេតុ ជាអ្នកបើកបរម៉ូតូម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅលាយក្រហម គ្មានស្លាកលេខ រងរបួសធ្ងន់បញ្ជូនទៅទៅសង្រ្គោះភ្លាមៗ វត្ថុតាងម៉ូតូ និងរថយន្តសមត្ថកិច្ចយកទៅរក្សាទុកជាបណ្ដោះអាសន្ន ។

ដោយឡែក៖ របាយការណ៍នគរបាលស្រុកបាកានវិញបានឲ្យដឹងដែរថា នៅវេលាម៉ោង៩ និង៤០នាទី យប់ថ្ងៃដដែល នៅលើកំណាត់ផ្លូវថ្នល់កៅស៊ូ ត្រង់ចំណុចអូរតូច ស្ថិតក្នុងភូមិដើមរកា ឃុំត្រពាំងជង ស្រុកបាកាន ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ បង្កឡើងដោយអ្នកបើកបររថយន្ត ១គ្រឿងម៉ាក វីស្តូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP 2191 ឈ្មោះ ខាំ ចន្ដា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ធ្វើដំណើរក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុបានក្រឡាប់ផ្ញាជើងខ្លួនឯង បណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះភ្លាមៗ វត្ថុតាងរថយន្តប្រគល់ទទួលជូនក្រុមគ្រួសារ ។

របាយការណ៍ដដែលបន្តទៀតថា លុះនៅវេលាម៉ោង១០ និង៤៥នាទី យប់ថ្ងៃដដែល នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ត្រង់ចំណុចលូឆ្លងអូរ ស្ថិតក្នុងភូមិអូរបត់ ឃុំអូរតាប៉ោង ស្រុកបាកានដដែល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងម្ដងទៀត បង្កឡើងដោយអ្នកជិះម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1F 8404 ឈ្មោះ អៀ ឈុង ភេទប្រុស អាយុ ៧០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោងពក ឃុំអូរតាប៉ោង ស្រុកបាកាន ធ្វើដំណើរចេញពីហូបការនៅភូមិគគីថ្មី ឃុំអូរតាប៉ោងដដែល បណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗយ៉ាងរន្ធត់ ចំណែកវត្ថុតាងម៉ូតូរួមទាំងសាកសពផងនោះបានធ្វើកំណត់ហេតុប្រគល់ទទួលជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៉ឹម ពិន


ចែករំលែក៖