ខេត្តបន្ទាយមានជ័យ៖ បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឲ្យដឹងថា ក្នុងរយៈពេល២៧ថ្ងៃចុងក្រោយចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ គ្រោះធម្មជាតិខ្យល់កន្រ្តាក់បានបក់បោកវាយហារស្រុកក្រុងទាំង៩ក្នុងខេត្តបន្ទាយមានជ័យ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋធ្ងន់ និងស្រាលសរុប១៣៩៧ខ្នង បង្ករងរបួស៦នាក់, រន្ទះបាញ់ផ្តាច់ជីវិតមនុស្ស៥នាក់, រន្ទះបាញ់ឆេះផ្ទះ១ខ្នង, រន្ទះបាញ់ផ្តាច់ជីវិតសត្វគោ១៣ក្បាល, សាលារៀន១៦ខ្នង, វត្តអារាម៩ខ្នង, ខូចខាតម៉ូតូ៣គ្រឿង និងគោយន្ត១គ្រឿង ។
ខេត្តបន្ទាយមានជ័យនៅឆ្នាំនេះត្រូវគេមើលឃើញថាគ្រោះធម្មជាតិខ្យល់កន្រ្តាក់លាយឡំជាមួយ និងភ្លៀងផ្គរន្ទះបានកើតឡើងអាក្រក់បំផុតគួរឲ្យព្រួយបារម្ភខុសប្លែកពីឆ្នាំកន្លងមក ។ គ្រោះមហន្តរាយនោះបានបំផ្លាញទីជម្រករបស់ប្រជាពលរដ្ឋ និងបង្កឲ្យខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរ ។ មិនតែប៉ុណ្ណោះនៅពេលគេឃើញអាកាសធាតុមានភ្លៀងធ្លាក់តែងនាំមកខ្យល់កន្រ្តាក់ និងផ្គរន្ទះធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចជាខ្លាំង ។
ចំពោះការឆ្លើយតប់ការជួយសង្រ្គោះគេសង្កេតឃើញកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទក្រោយពីកើតហេតុការណ៍ខ្យល់កន្រ្តាក់នោះហើយតែងតែចុះជួយអន្តរាគមន៍ជួយរុះរើ និងកសាងជួសជុលផ្ទះប្រជាពលរដ្ឋឡើងវិញ ។ អំណោយសង្រ្គោះបន្ទាន់ក៏បានផ្តល់ជូនប្រជាពលរដ្ឋមួយចំនួនជាបន្តបន្ទាប់ដើម្បីដោះស្រាយការលំបាក១គ្រា ។ ប៉ុន្តែមិនទាន់ឆ្លើយតបឲ្យបានគ្រប់គ្នានៅឡើយនោះទេសម្រាប់ប្រជាពលរដ្ឋរងគ្រោះធម្មជាតិខ្យល់កន្រ្តាក់ខាងលើនោះ ។
គេរំពឹងថាអំណោយសង្រ្គោះបន្ទាន់នៅពេលឆាប់ៗខាងមុខនេះ និងបន្តជួយឧបត្ថម្ភជូនពលរដ្ឋរងគ្រោះថែមទៀតពីសំណាក់រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត កាកបាទក្រហមកម្ពុជា ដើម្បីសម្រួលការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ ៕ សំ វិច្ឆិកា