ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុនហួវ៉ៃ ថេកណូឡូជី(Huawei Technology) ប្រចាំតំបន់អាស៊ីអាគ្នេយ៍

ចែករំលែក៖

ប្រទេសចិន៖ សម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃរាជាណាចក្រកម្ពុជានៅ ព្រឹកថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០១៩នេះ បានអនុញ្ញាតឲ្យលោក វ៉ុ វ៉ៃតាវ ប្រធានក្រុមហ៊ុន​ ហួវ៉ៃ ថេកណូឡូជីប្រចាំតំបន់អាស៊ីអាគ្នេយ៏ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងប៉េកាំងប្រទេសចិន។

នៅក្នុងកិច្ចពិភាក្សានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រសិនបើប្រទេសកម្ពុជាមានប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឺណិត 5G នេះគឺពិតជាល្អបំផុត ព្រោះអ៊ិនធឺណេតដើរលឿន។

នៅក្នុងឱកាសនេះខាងប្រធានក្រុមហ៊ុនហួវ៉ៃ ថេកណូឡូជីប្រចាំតំបន់អាស៊ីអាគ្នេយ៏ ក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានអនុញ្ញាតឲ្យគាត់ក៏ដូចជាប្រតិភូរបស់គាត់ជួបសំដែងការគួរសមនិងពិភាក្សាការងារ។ លោកប្រធានក្រុមហ៊ុនហួវ៉ៃ ថេកណូឡូជីប្រចាំតំបន់អាស៊ីអាគ្នេយ៏ បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា កន្លងមកក្រុមហ៊ុនរបស់លោកក៏បានបើកការិយាល័យនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 1998 មកម្លេះ ឥឡូវនេះមានរយៈពេល 20 ឆ្នាំហើយ ហើយរហូតដល់ពេលនេះបានធ្វើការវិនិយោគបានជោគជ័យនៅក្នុងប្រទេសកម្ពុជាក្នុងការសហការជាមួយនឹងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា។

នៅក្នុងជំនួបនេះលោក ក៏បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថាកាលពីឆ្នាំកន្លងទៅនេះក្រុមហ៊ុនរបស់គាត់មានការគាំទ្រយ៉ាងច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋកម្ពុជាក៏ដូចជាទូទាំងពិភពលោកផងដែរ ដោយសារក្រុមហ៊ុនមានឯកទេសគ្រប់គ្រាន់ក្នុងការបម្រើសេវាកម្មដែលធ្វើអោយក្រុមហ៊ុន huawei ជាក្រុមហ៊ុនមួយឈានមុខគេក្នុងវិស័យទូរគនាគមន៍ ដូចជាការផ្ដល់បច្ចេកវិទ្យានេះលោកក៏បានជម្រាបជូនសម្ដេចតេជោបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុន huawei បានចុះហត្ថលេខាជាមួយបណ្ដាប្រទេសប្រមាណជា ៤០ ប្រទេសហើយ។

លោកប្រធានក្រុមហ៊ុនហួវ៉ៃ ថេកណូឡូជីប្រចាំតំបន់អាស៊ីអាគ្នេយ៏ ក៏បានជម្រាបជូនសម្តេចតេជោថា ប្រទេសកម្ពុជាជាប្រទេសទីមួយហើយនៅក្នុងតំបន់អាស៊ានដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិវឌ្ឍទៅលើបច្ចេកវិទ្យាថ្មីគឺ5G លោកប្រធានក្រុមហ៊ុនក៏បានមានប្រសាសន៍ផងដែរថា វិស័យឌីជីថលនេះគឺពិតជាអាចជួយដល់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជាក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ ក្រៅពីនេះលោកក៏បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្រុមហ៊ុននឹងសហការជាមួយនឹងក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀតព្រមទាំងបន្តពង្រឹងបន្ថែមជាមួយនឹងក្រសួងស្ថាប័ននានាទៅលើវិស័យឌីជីថលនៅកម្ពុជា។

ក្នុងឱកាសនេះក្រុមហ៊ុន huawei ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោដែលបានគាំទ្រកន្លងមក បានផ្ដល់ឱកាសឲ្យក្រុមហ៊ុនមានលទ្ធភាពក្នុងការធ្វើពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជាបានយ៉ាងជោគជ័យ។ នៅក្នុងឱកាសនេះផងដែរសម្ដេចតេជោមន្ត្រីក៏បានណែនាំឲ្យក្រុមហ៊ុនធ្វើការខិតខំប្រឹងប្រែងជាបន្តទៀតក្នុងការសហការជាមួយនឹងកម្ពុជា សម្ដេចក៏បានគូសបញ្ជាក់ផងដែរថា សម្ដេចចង់ឲ្យក្រុមហ៊ុន huawei ជួយកសាងសមត្ថភាពជាពិសេសទៅវិស័យបច្ចេកវិទ្យា បង្កើនសេវាល្បឿនលឿន៕


ចែករំលែក៖