ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភក្សាការងារជាមួយនាយករដ្ឋមន្រ្តីចិន

ចែករំលែក៖

ប្រទេសចិន៖ ​នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបដែលធ្វើឡើង នៅផ្ទះសំណាក់រដ្ឋទៀវអ៊ីថាយ ក្នុងទីក្រុងប៉េកាំង ប្រទេសចិននោះ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីចិន មានប្រសាសន៍ថា ឯកឧត្តមពិតជាមានការសប្បាយរីករាយ ដោយបានជួបពិភាក្សាសារជាថ្មីម្តងទៀត ជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ពិសេស​ ឯកឧត្តម​ សូមអរគុណជូនចំពោះសម្តេចតេជោ ដែលបានអញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី២ សម្រាប់កិច្ចសសហប្រតិបត្តិការ​អន្តរ​ជាតិ នៅទីក្រុងប៉េកាំងប្រទេសចិន។ ឯកឧត្តមបន្តថា ប្រទេសកម្ពុជាគឺជាមិត្តដ៏ល្អរបស់​ប្រ​ទេស​ចិ​ន។ ប្រទេសចិនជាមិត្តរបស់កម្ពុជាហើយចិនជឿជាក់និងទុកចិត្តគ្នាទៅវិញទៅមក។

​​ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ក្នុងគំនិតផ្តួចផ្តើមខ្សែ​ក្រ​វ៉ាត់ និងផ្លូវ បច្ចុប្បន្ននេះ កម្ពុជា ចិន កំពុងធ្វើយ៉ាងណាឲ្យគំនិតផ្លូវផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងយុទ្ធសាស្រ្តចតុកោណរបស់កម្ពុជាមានការស៊ីសង្វាក់គ្នា និងមានការតភ្ជាប់គ្នា ពិសេសការតភ្ជាប់គ្នាទាំង ផ្នែកទុន និងផ្នែករឹង។ សម្តេចតេជោក៏បានលើកឡើង ពីយន្តការនៃការបន្តបង្កើនកិច្ចសហប្រតិ​បត្តិ​ការជាមួយគ្នា ក្នុងក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ ក្នុងជំនួបពិភាក្សាគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍អរគុណ ជូនចំពោះរដ្ឋាភិបាលចិនដែលផ្តើមការពិភាក្សាជាមួយកម្ពុជាដែលទាក់ទិនទៅនិងសហភាពអឺរ៉ុប ដែលត្រៀមដក EBA ពីកម្ពុជា។ តាមរយៈអ្វីដែលភាគីចិនមានគម្រោងជួយដល់កម្ពុជានោះ សម្តេចបានស្នើនៅចំពោះមុខ​ ឯកឧត្តម​ នាយករដ្ឋមន្រ្តីចិន ធ្វើយ៉ាងណាជួយជំរុញឲ្យក្រុមហ៊ុនចិន បន្តការបណ្តាក់ទុនវិនិយោគ និងធ្វើពាណិជ្ជកម្ម​ក្នុងប្រទេសកម្ពុជាជាបន្តទៅទៀត។

សម្តេចតេជោបន្តថា កម្ពុជានឹងបន្តធ្វើកំណែទំរង់ផ្ទៃក្នុងខ្លួនឯង ឲ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីធ្វើយ៉ាងណាជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមាន​ល្បឿនខ្ពស់ជាងមុន។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចក៏បានស្នើដល់ភាកីចិន ជួយដល់ខេត្ត ព្រះសីហនុលើការគ្រប់គ្រង ពិសេសជួយដល់បញ្ហាទឹកកខ្វក់ តាមរយៈការផ្តល់ហិរញ្ញប្បទានដល់ គម្រោងអភិវឌ្ឍទឹកស្អាត និងការអភិវឌ្ឍជនបទ ដើម្បីឲ្យខេត្តព្រះសីហនុក្លាយជាខេត្តគំរូ នៃការនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនេះ។

​​ជាការឆ្លើយតបទៅ នឹងប្រសាសន៍លើកឡើង របស់សម្តេចតេជោ ឯកឧត្តមនាយករដ្ឋមន្រ្តី​ចិន មានប្រសាសន៍ថា អ្វីដែលឯកឧត្តមចង់ឃើញគឺការពង្រឹងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងបោះជំហានទៅមុខ និងការបម្រើផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជនទាំងពីរ ពិសេសចិននឹងបន្តគាំទ្រដល់យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។​​​​​ ឯកឧត្តមបន្តថា ចិនមានឆន្ទះច្បាស់លាស់ក្នុងការជួយដល់ប្រទេសកម្ពុជា ពិសេសពាក់ព័ន្ធទៅនឹងក្រុមហ៊ុនចិនដែលកំពុងធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ រដ្ឋាភិ​បាលចិន នឹងជំរុញនិងលើកទឹកចិត្តដល់ក្រុមហ៊ុនទាំងនោះ បង្កើនខ្សែសង្វាក់ផលិតបន្ថែមទៀតនៅកម្ពុជា។ ឯកឧត្តមមានប្រសាសន៍សង្កត់ធ្ងន់ថា បើទោះបីជាមានបញ្ហាអ្វីក៏ដោយ គឺមិនអាចបំបែកចំណងមិត្តភាពដ៏រឹងមាំរវាងចិននិងកម្ពុជាបានឡើយ ហើយចិនបន្តជួយដល់កម្ពុជាលើគ្រប់ផ្នែកទាំងអស់។ ទាក់ទិនទៅនឹងសំណើររបស់ សម្តេចតេជោដែលបានស្នើឲ្យភាគីចិន បន្តបើក​ចំហរ​ទីផ្សារក្នុងប្រទេសចិន ដើម្បីទទួលយកនូវផលិតផលពីប្រទេសកម្ពុជា ឯកឧត្តមនាយករដ្ឋមន្រ្តីចិន មានប្រសាសន៍ថា ភាគីចិននឹងពិនិត្យលទ្ធភាពគ្រប់បែបយ៉ាង ក្នុងការទទួលនូវផលិតផលពីប្រទេសកម្ពុជាលើអ្វីដែលប្រទេសចិនមានតម្រូវការចាំបាច់នោះ៕


ចែករំលែក៖