ភ្នំពេញ៖ ពិតជាគួរឲ្យសរសើរចំពោះការសម្តែង និងដឹកនាំការផលិត បទចម្រៀងរបស់លោក គូម៉ាគឺបទ ស្ទោងកំពង់ធំ ។ សរសើរ ព្រោះតែបទមួយនេះបាន រំលឹកឡើងវិញអំពីប្រវត្តិស្នេហ៍អ្នកជំនួញម្នាក់ ពិសេសគឺបានឆ្លុះបញ្ចាំងពីទិដ្ឋភាពមួយចំនួនក្នុងទសវត្សរ៍ទី៩០ ។
ក្រោយបង្ហើរសំនៀង ដែលមានអ្នកចូលស្តាប់ខ្ទង់លានដង នៅលើបណ្តាញសង្គម YouTube កន្លងមកពេលនេះបទ ស្ទោងកំពង់ធំ បានបញ្ចេញជាសាច់រឿង និងរូបភាពវីដេអូត្រជាក់ភ្នែកគួរជាទីចាប់អារម្មណ៍ ។ ទើបនឹងបញ្ចេញស្នាដៃថ្មីមិនបានប៉ុន្មានថ្ងៃផង ស្នាដៃសម្តែង បទមួយនេះអាចទាញបានអ្នកចូលទស្សនាជិតកន្លះលាននាក់រួចហើយ ។
បទចម្រៀងនេះ ចូលរួមសម្តែងដោយតារាសម្តែងជាច្រើន ដូចជាកញ្ញា នៅ សូនីតា, លោក សុធា ពិសិដ្ឋ, លោក លី ណូរ៉ាជាដើម ។ ខណៈ ដែលទីតាំងថតគឺនៅរម្មណីដ្ឋានប្រវត្តិសាស្ត្រមួយចំនួន ពិសេសនៅទីតាំង ស្រុកស្ទោងខេត្តកំពង់ធំផ្ទាល់តែម្តង ។
តាមរយៈការបង្ហើបរបស់អ្នកដឹកនាំសម្តែងល្បីឈ្មោះ ប្រចាំផលិតកម្មថោន លោក វ៉ាត លីម៉េង បានបញ្ជាក់កន្លងមកថា បទថ្មីរបស់លោក គូម៉ា គឺបទ ស្ទោងកំពង់ធំ និងគាស់រំលើងនូវការចងចាំអំពីចំណងស្នេហ៍ដំបូងរបស់បុរសម្នាក់ ដែលបានលួចស្រឡាញ់មនុស្សស្រីម្នាក់ក្នុងអំឡុង ឆ្នាំ១៩៩៥-១៩៩៦នៅ ស្រុកស្ទោង ខេត្តកំពង់ធំ ។ ក្នុងបទនេះ សូម្បីតែការតុបតែងខ្លួន ក៏ឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គមខ្មែរនាសម័យទសវត្សរ៍ទៅ៩០ រហូតដល់បច្ចុប្បន្ននេះផងដែរ ។
តារាសម្តែង សុធា ពិសិដ្ឋ ដែលជាតួឯកក្នុងបទចម្រៀងនេះ បានបញ្ជាក់ដែរថា ក្រៅពីការបង្ហើរសំនៀងពិរោះ បទនេះ ពិតជាបានបង្ហាញពីប្រវត្តិ និងទិដ្ឋភាព ដ៏គួរឲ្យចងចាំមិនភ្លេច ហើយ លោកពិតជាសប្បាយចិត្ត ដែលបានក្លាយជាចំណែកមួយនៃការចងចាំឡើងវិញរបស់ទស្សនិកជន ពិសេសអ្នក ដែលធ្លាប់ឆ្លងកាត់ជំនាន់នោះផងដែរ ។ លោកសរសើរក្រុមការងារផលិត ដែលបានសម្រិតសម្រាំង ស្វែងរកសម្ភារៈ ទីតាំង និងការតុបតែងខ្លួន យ៉ាងណាឲ្យត្រូវទៅ និងសាច់រឿង និងរូបភាពក្នុងសម័យមុនៗមកបង្ហាញ ។
គួរបញ្ជាក់ដែរថា បទ ស្ទោងកំពង់ធំ ច្រៀងដោយតារាចម្រៀង គូម៉ា និពន្ធទំនុកច្រៀងដោយ លោក យឹម តាស្រង់ និពន្ធបទភ្លេងដោយ ឆា ភ្លេង និងដឹកនាំសម្តែងដោយ លោក វ៉ាត លីម៉េង ៕ វឌ្ឍនា