ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ដើមអំពិល​បារាំងទុកចោលមិនដឹងបញ្ជូនទៅណា

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ សកម្មភាព​ចាប់​ដើមអំពិល​បារាំង ដែលដឹកតាមរថយន្តបាកុង កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅចំណុចប៉ុស្តិ៍នគរបាល​រដ្ឋបាលរកាត ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បង្កឲ្យមានការជ្រួលច្របល់ជាខ្លាំង​នៅក្នុងចំណោមសមត្ថកិច្ច​ ជា​ពិសេសនគរបាល និងរដ្ឋបាលព្រៃឈើ ។ ពីព្រោះថា ការចាប់​ដើមអំពិលបារាំងនេះ សមត្ថកិច្ចនគរបាល​ប៉ងថា ម្ចាស់ដើមអំពិលបារាំង នឹង​គិតគូរលុយកាក់ ប៉ុន្តែដោយសារម្ចាស់​ដើមអំពិល​បារាំង គិតថាមិនខុសច្បាប់ ហើយមិនចំណាយប្រាក់​ឲ្យនគរបាលនោះ ធ្វើឲ្យមន្ត្រីនគរបាល​ខកចិត្ត ហើយ​ប្រុងបញ្ជូន​ឲ្យទៅជំនាញរដ្ឋបាលព្រៃឈើ ។ ប៉ុន្តែមេព្រៃថា មិនទទួលទេ ។

រឿងរ៉ាវដែលនាំឲ្យវែងឆ្ងាយនេះ ក៏ព្រោះតែមន្ត្រីនគរបាលខ្សោយផ្នែកច្បាប់​ចាប់ដើមអំពិលបារាំង គិតថាដើម្បីយកប្រាក់ ប៉ុន្តែម្ចាស់​គេ​យល់​ច្បាប់ និងមានលិខិតស្នាមត្រឹមត្រូវពីការទិញ-លក់ដើមឈើក្នុងស្រុក ក៏ដូចជាលិខិតដឹកជញ្ជូនយល់ព្រមដោយអភិបាលខេត្ត ដូច្នេះ អ្នកចាប់ដើមអំពិល​បារាំង​ខកចិត្តជាខ្លាំង ។ ដើមអំពិល​បារាំង​ប្រហែល​៥ទៅ៦កំណាត់ នៅលើរថយន្តបាកុង គ្រោងនឹងដឹកចូល​មក​ខេត្ត​ពោធិ៍សាត់ ដើម្បីច្នៃជាគ្រឿងសង្ហារឹមផ្សេងៗ ។ រហូតមកដល់យប់ថ្ងៃទី២៧ ខែ​មេសា ឆ្នាំ២០១៩ មន្ត្រីនគរបាលស្រុកភ្នំក្រវាញ ថានឹងបញ្ជូន​រថយន្តបាកុង ជាមួយនឹងកំណាត់ដើមអំពិលបារាំង​នោះ​ឲ្យទៅរដ្ឋបាលព្រៃឈើ​ចាត់ចែងបន្ត ។ ប៉ុន្តែ​នាយផ្នែករដ្ឋបាលព្រៃឈើ​ភ្នំក្រវាញ អះអាងថា មិនអាចទទួលបានទេ ពីព្រោះគ្មានកំណត់ហេតុត្រឹមត្រូវ និង​ជាឈើ​ក្នុងស្រុក ដែលច្បាប់មិនហាមឃាត់ ។

លោកតាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ អះអាងថា ការចាប់រថយន្តបាកុងដឹកកំណាត់ដើមអំពិលបារាំងនេះ គឺអនុវត្តតាមបទ​បញ្ជាថ្នាក់លើ ហើយឥឡូវ​យើងសម្រេច​ប្រគល់ឲ្យមេព្រៃចាត់ការបន្ត ។ លោកបន្តថា ការចាប់នេះ គឺអនុវត្តតាមបទបញ្ជា​​ដោយមិនអនុញ្ញាត​ឲ្យមានការចរាចរណ៍ឈើនោះឡើយ ។ ប៉ុន្តែមន្ត្រីរដ្ឋបាលព្រៃឈើ​ផ្នែក​ភ្នំក្រវាញ អះអាងថា ប្រសិនបើនគរបាលមានឯក​សារ ឬកំណត់ហេតុ ហើយប្រគល់ឲ្យមេព្រៃភ្លាមៗ នោះគេទទួលយកបាន ផ្ទុយទៅវិញ ចាប់ដើមអំពិលបារាំងតាំងពីថ្ងៃទី២២​ ខែមេសា ទើបស្រែកថា ប្រគល់ឲ្យមេព្រៃនៅយប់ថ្ងៃទី២៧ ខែមេសា ដោយគ្មានឯកសារអ្វីទាំងអស់នោះ គឺខាងមេព្រៃមិនអាចទទួលបានឡើយ ។

ការចាប់​រថយន្តបាកុងដឹកកំណាត់ដើមអំពិលបារាំងនេះ​ ញាំងឲ្យមានការរិះគន់ពីមហាជន ក៏ដូចជាម្ចាស់រថយន្តបាកុង និង​ម្ចាស់ដើមអំពិល​បារាំង ។ គេអះអាងថា ការទិញលក់ដើមអំពិលបារាំងនោះ មានការទទួលស្គាល់ពីម្ចាស់ដើមឈើ និងអាជ្ញាធរមូលដ្ឋាន ។ រីឯការដឹកជញ្ជូនចេញពីតំបន់​មួយទៅតំបន់មួយ ក៏មានការអនុញ្ញាតពីថ្នាក់ដឹកនាំខេត្តផងដែរ ។ ដូច្នេះការចាប់ដើមអំពិល​បារាំង​នោះ គឺជាការប៉ុនប៉ងជំរិតទារប្រាក់របស់សមត្ថកិច្ចនគរបាល​ប៉ុស្តិ៍រកាត ជាមួយនឹងនគរបាលស្រុកភ្នំក្រវាញ ។ ការនេះធ្វើឲ្យខាតផលប្រយោជន៍ ពេលវេលារបស់​អាជីវករដែលរកស៊ី ហើយទីបំផុត​រឿងនេះនឹងត្រូវអូសបន្លាយ​ពេលតទៅទៀត ។ សង្ឃឹមថា អាជ្ញាធរខេត្តពោធិ៍សាត់នឹងដោះស្រាយរឿងនេះឲ្យជ្រះស្រឡះក្នុងពេលឆាប់ៗ ៕ ប៉ឹម ពិន


ចែករំលែក៖