ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូពីខណ្ឌច្បារអំពៅ ត្រូវសមត្ថកិច្ចខណ្ឌសែនសុខ ចាប់បាន

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យ​ម្នាក់ ​បានធ្វើកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពីខណ្ឌច្បារអំពៅ តែសំណាងមិនល្អ មកជាប់អន្ទាក់សមត្ថកិច្ចខណ្ឌសែនសុខ ។ ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពីវេលា​ម៉ោង​៩ និង៤០នាទី​ព្រឹក​ ថ្ងៃ​ទី​២៨​ ខែមេសា​ ឆ្នាំ​២០១៩​នៅចំណុច​ខាងក្រោម​ស្ពានអាកាស​ផ្សារ​ដី​ហុយ​ តាមបណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ។

ជនសង្ស័យ​ខាងលើ​មាន​ឈ្មោះ​ ឈុន​ ឈីម​ ភេទប្រុស​ អាយុ​៤០ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅ​ផ្ទះ​លេខ​១៧៤E ផ្លូវ​លេខ​១៨២​ សង្កាត់​ទឹក​ល្អក់​ទី​៣​ ខណ្ឌ​ទួលគោក​ និង​មាន​ស្រុក​កំណើត​ ស្រុក​បាធាយ​ ខេត្ត​កំពង់​ចាម​ ។ ចំណែក​ជន​រងគ្រោះ​មាន​ឈ្មោះ​ ផូ​ ភក្ត័​ ភេទប្រុស​ អាយុ​៣២ឆ្នាំ​ ជាជាងសំណង់​ ស្នាក់នៅ​សង្កាត់​ចោមចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។

ប្រភព​ពី​ជនរងគ្រោះ​បាន​រៀប​រាប់​ប្រាប់​សមត្ថកិច្ចថា​ នៅ​មុន​ពេល​កើត​ហេតុ​ កាលពី​ថ្ងៃទី​២៧ ខែមេសា ​​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហុងដាឌ្រីម​ ស៊េរី​០១៥​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ព្រៃវែង​1J-3166 ទៅធ្វើការនៅការដ្ឋាសំណង់មួយកន្លែង ដែល​ស្ថិត​នៅ​ចំណុច​ខាងក្រោយ​វត្ត​និរោធ​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ ដោយទុកម៉ូតូនៅខាងមុខដូចសព្វដងរួច ក៏ចូលទៅធ្វើការ លុះដល់​វេលា​ម៉ោង​៥ល្ងាច​ថ្ងៃ​ដដែល​ ជនរងគ្រោះ​ក៏បានចេញ​មកពី​​កន្លែង​ធ្វើការវិញ ស្រាប់​តែ​មិន​ឃើញ​ម៉ូតូ​របស់​ខ្លួន ។ ភ្លាម​ៗ​នោះ​ជនរងគ្រោះ​ក៏​បាន​សួរ​នាំ​អ្នកដែល​​ធ្វើ​ការ​ជាមួយ​គ្នា​ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ដឹងទេ​ ទើប​ជនរងគ្រោះ​ដឹង​ថា​ ម៉ូតូ​របស់​ខ្លួន​ត្រូវ​បាន​ចោរ​លួច ។

ជនរងគ្រោះ ​ក៏​ឆោឡោ​រត់​ទៅ​ដាក់ពាក្យ​បន្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​និរោធ​ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្វែង​រក​ ។

ប្រភពដដែល​​បន្ត​ថា​ លុះ​ស្អែក​ឡើង​ថ្ងៃ​ទី​២៨​​ ខែមេសា ជនរងគ្រោះ​ ក៏​បាន​ទាក់ទង​ទៅ​សួរ​នាំ​ក្រុម​ហ៊ុន​ជីភីអេះ​ ដែល​ជន​រងគ្រោះ​បានដាក់​ភ្ជាប់​នៅ​លើ​ម៉ូតូ​របស់​ខ្លូន​ដែល​ត្រូវ​ចោរ​លួច ។

បន្ទាប់​មក​ខាង​ក្រុម​ហ៊ុន​ជីភីអេះ​ ក៏​បាន​ប្រាប់​ថា​ ប្រព័ន្ធ​ជីភីអេះ​ដែលភ្ជាប់​នៅលើ​ម៉ូតូ​របស់​ខ្លួន​កំពុង​លោតដំណើរការ​នៅ​ម្តុំចំណុច​កើតហេតុ​ខាងលើ​ ដោយ​បញ្ជាក់ប្រាប់ម៉ូតូ​នោះកំពុង​ត្រូវ​អ្វី​ម្យ៉ាងដឹក​យកទៅ ព្រោះ​ម៉ាស៊ីន​ម៉ូតូ​មិន​មាន​ការ​បញ្ឆេះដំណើរការនោះទេ​​ ។ ភ្លាមៗ​នោះ​ជនរងគ្រោះ​ ក៏​បាន​ ទាក់ទង​រាយការណ៍​ជូនសមត្ថកិច្ច​មូល​ដ្ឋាន​ប៉ុស្តិ៍​ទឹក​ថ្លា​ដែល​កំពុង​ជិះ​ល្បាត​ ពី​ភិនភាគ​ម៉ូតូ​របស់​ខ្លូន​ដែល​បាន​បាត់​ ។ ស្របគ្នា​នេះ​ដែរ​សមត្ថកិច្ច​មូល​ដ្ឋាន​ប៉ុស្តិ៍​ទឹក​ថ្លា​ ក៏បាន​ប្រទះ​ឃើញ​រថយន្ត​មួយគ្រឿងម៉ាក​ តូយូតា​តាកូម៉ា​ ពណ៌ក្រហម​ ពាក់ស្លាកលេខ​ កំពង់​ចាម​2A-3424 ដែល​បើកបរ​ដោយ​ជន​សង្ស័យ​ខាងលើ​ តាមបណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ និង​មាន​ដឹក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហុងដាឌ្រីម​ ស៊េរី​០១៥​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​1CI-5698​ រួម​ជាមួយ​ និង​ឥវែឥវ៉ាន់​មួយ​ចំនួន​ទៀត​ចង់​ជាប់​នៅ​ពីក្រោយ​រថយន្ត​ ។

ខណៈ​នោះ​ដោយមានការសង្ស័យ​ ព្រោះ​ត្រូវ​នឹង​ភិនភាគ​ដែល​ជនរងគ្រោះ​បាន​ប្រាប់​ ហើយ​សមត្ថកិច្ច​ក៏ឃាត់​ដើម្បី​ធ្វើការ​សាកសួរ​នាំ​ ។ បន្ទាប់​មក​សមត្ថកិច្ច​ក៏បាន​ទាក់ទង​ជនរងគ្រោះ​អោយ​ចុះមក​កន្លែង​កើតហេតុ​ខាងលើ​ ដើម្បី​យក​​កាតគ្រី​ម៉ូតូ​ដែល​បាត់​ យក​មក​ត្រួត​ពិនិត្យ​ផ្ទៀងផ្ទាត់​លេខ​តួ និងលេខ​ម៉ាស៊ីន​ម៉ូតូ​ដែល​នៅ​លើ​រថយន្ត​ខាងលើ ។ ក្រោយ​ពី​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ ទើបដឹង​ថា ​ម៉ូតូ​នោះជា​ម៉ូតូ​របស់​ជនរងគ្រោះពិតប្រាកដមែន ។

ក្រោយ​ពេល​កើត​ហេតុ​ជនសង្ស័យ​ខាងលើ​រួមទាំង​វត្ថុ​តាង​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ទឹកថ្លា​នាំ​យក​ទៅ​សាក​សួរ​នាំ​នៅ​​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ ដើម្បី​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ខណ្ឌ​ច្បារ​អំពៅ​យក​ទៅ​សាកសួរ​ជា​បន្ត​ និង​ចាក់​ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ជាបន្ត​ទៀត​ ៕ តុង សីហា


ចែករំលែក៖