ខេត្តកណ្ដាល៖ រថយន្ដកាំម៉ាសធុនធំមួយគ្រឿង បើកបត់ឆ្លងផ្លូវបម្រុងត្រឡប់ក្រោយ ធ្វើឲ្យរថយន្ដមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ បើកក្នុងទិសដៅច្រាស់គ្នា ឈប់មិនទាន់ បានបុកចំពាក់កណ្ដាលនៃរថយន្ដពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នករួមដំណើរក្នុងរថយន្ដហ៊ីយ៉ាន់ដាយ ទទួលរងរបួសធ្ងន់ និងបានដាច់ខ្យល់ស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យ រីឯ២នាក់ទៀតជាអ្នកបើកបរ និងរួមដំណើររងរបួសស្រាល ។ ករណីខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២ និង២០នាទី លើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ២៩.៣០ ស្ថិតក្នុងភូមិព្រៃក្រឡាញ់ ឃុំលំហាច ស្រុកអង្គស្នួល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ រ៉ាត់ ភេទប្រុស អាយុ២១ឆ្នាំ (ព្រូរថយន្ដ) ជាអ្នករួមដំណើរក្នុងរថយន្ដម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-2448 ដែលបើកបរឈ្មោះ អឿន ដារិន ភេទប្រុស អាយុ២៥ឆ្នាំ (រងរបួសស្រាល) និងមានអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ម៉ែន តឿ ភេទប្រុស អាយុ២៥ ឆ្នាំ (រងរបួសស្រាល) ។ ជនរងគ្រោះទាំង៣នាក់មានទីលំនៅភូមិ៤ ក្រុម១៣ សង្កាត់ស្ទឹងហាវ ខេត្តព្រះសីហនុ ។ ចំណែករថយន្ដដែលបើកត្រឡប់ក្រោយឆ្លងផ្លូវម៉ាកកាំម៉ាស ធុនធំ ប្រភេទសណ្ដោងកន្ទុយរ៉ឺម៉ក ពណ៌ស ពាក់ស្លាកលេខ ក 8956 ភ.ព 3 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ (ទុករថយន្ដចោលកន្លែងកើតហេតុ រួចរត់គេចខ្លួន) ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដម៉ាកកាំម៉ាសខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ រថយន្ដខាងលើ បានបត់ឆ្វេងឆ្លងផ្លូវ ក្នុងគោលបំណងត្រឡប់ក្រោយ ខណៈនោះក៏មានរថយន្ដមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទដឹកទំនេញ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច (ច្រាស់ទិសគ្នា) បើកបរដោយល្បឿនលឿន ក៏ឈប់មិនទាន់ បានបុករថយន្ដកាំម៉ាសចំពាក់កណ្ដាល នៃរថយន្ដពេញមួយទំហឹង បណ្ដាលឲ្យបុរសម្នាក់ជាព្រូរថយន្ដហ៊ីយ៉ាន់ដាយ ទទួលរងរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះត្រុវបានដាច់ខ្យល់ស្លាប់ ខណៈដល់មន្ទីរពេទ្យ រីឯអ្នកបើកបរ និងអ្នករួមដំណើរ រងរបួស្រាល ។ ចំណែកអ្នកបើកបររថយន្ដកាំម៉ាស បានទុករថយន្ដចោលនៅកន្លែងកើតហេតុ រួចរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីមានហេតុការណ៍កើតឡើង រថយន្ដទាំង២គ្រឿង ត្រូវបាននគរបាលចរាចរណ៍ស្រុក បានចុះធ្វើការវាស់វែង និងកសាងឯកសារយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ចំពោះមូលហេតុករណីខាងលើនេះ សមត្ថកិច្ចជំនាញបញ្ជាក់ថា គឺបណ្ដាលមកពីអ្នកបើកបររថយន្តកាំម៉ាស បើកបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ។ ចំណែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ បើកបរក្នុងល្បឿនលឿន ៕ ស្អាងជ័យ