ខេត្តកណ្ដាល៖ មនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ខណៈកំពុងបើកបរម៉ូតូឌុបគ្នា ត្រូវរថយន្ដហាយឡេនឌឺមួយគ្រឿង បើករេចង្កូតជ្រុលមកបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង កាលពីវេលាម៉ោង២១ និង៤០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៤ ក្នុងចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ជុំ ហេង ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរបើកបររថយន្ដ ជាអ្នកបើកបរម៉ូតូម៉ាកស៊ុយហ្ស៊ូគី ស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ គ្មានស្លាកលេខ និងមានអ្នករួមដំណើរ២នាក់ ទី១.ឈ្មោះ ខុន លី ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ (របួសធ្ងន់) និងទី២.ឈ្មោះ ខឹម លី ភេទប្រុស អាយុ១៦ ឆ្នាំ មុខរបរសិស្ស (របួសធ្ងន់) ។ ជនរងគ្រោះទាំង៣នាក់ មានទីលំនៅភូមិកប់ចឡោះ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែករថយន្ដម៉ាកហាយឡេនឌឺ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-5417 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ (រត់គេចខ្លួនបាត់ ស្រមោល) ។
ប្រភពដ ដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដម៉ាកហាយឡេនឌឺខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតហេតុ លុះមកដល់ចំណុចកើតហេតុ រថយន្ដខាងលើបានរេចង្កូតចូលក្នុងគន្លងផ្លូវម្ខាងទៀត ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង ដែលបើកច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់ភា្លមៗនៅកន្លែងកើតហេតុ រីឯអ្នករួមដំណើរ២នាក់ទៀតទទួលរងរបួសធ្ងន់ ។ ចំណែកអ្នកបើកបររថយន្ដបានទុករថយន្ដរបស់ខ្លួនចោល រួចរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ចំពោះមធ្យោបាយពាក់ព័ន្ធ សមត្ថកិច្ចធ្វើការវាស់វែង និងកសាងឯកសារយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ បណ្តាលមកពីអ្នកបើកបររថយន្តបើកបរក្នុងល្បឿនលឿន មិនប្រកាន់ស្តាំ និងខ្វះការប្រុងប្រយ័ត្ន ៕ ស្អាងជ័យ