ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូជែងរថយន្តមិនផុត ទាក់ដៃចង្កូតដួលរថយន្តកិនស្លាប់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ ជាកម្មកររោងចក្របានជិះម៉ូតូជែងរថយន្តខាងមុខ គាប់ជួនទាក់ដៃចង្កូតដួលខ្ទាតចូលរថយន្តស្ទូច កំពុងបើកច្រាស់់ទិស កិនចំចង្កេះ ស្លាប់ភ្លាមៗនៅនឹងកន្លែង ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង ៩៖៣០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិគល់ សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះ ឈ្មោះ កេត ផល្លី ភេទប្រុស អាយុ៣៦ ឆ្នាំ ជាកម្មកររោងចក្រ ខេមវ៉ុដ ហ្គារម៉ិន ខេមបូឌា ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ សេរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CR-8512 ល្បឿនលឿនពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ជែងរថយន្តស្ទូច ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-0407 អ្នកបើកបរមិនស្គាល់ឈ្មោះ ស្របទិស តែភ្លាត់ស្នៀតបែជាទាក់ដៃចង្កូត ដួលខ្ទាត ទៅចូលរថយន្ត ស្ទូចកំពុងបើកពីលិចទៅកើតច្រាស់ទិសគ្នា បណ្តាលឲ្យកិនចំលើចង្កេះ ស្លាប់ភ្លាមមួយរំពេច រីឯរថយន្ត ដែលម៉ូតូទាក់ដៃចង្កូតជាមួយនោះ មិនបានឈប់ឡើយ បន្តដំណើរតទៅបាត់ នៅតែរថយន្តស្ទូចកិនជាប់ជនរងគ្រោះ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង ស្រាវជ្រាវស្វែងរកសាច់ញាតិ ដើម្បីដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯ រថយន្ត និងម៉ូតូ សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖