ភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះអគារខុនដូជាន់ទី១១ មួយកន្លែងបណ្តាលឲ្យមន្ត្រីជាប់កិច្ចសន្យា សាលារាជធានីភ្នំពេញម្នាក់ រងរបួសកាលពីម៉ោង៩យប់ ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៩ នៅផ្លូវលេខ៣០២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនដំបូងគេឃើញមានផ្សែងហុយចេញពីខុនដូ Provence ជាន់ទី១២ ក្រោយមក ក៏បង្កជាអណ្តាតភ្លើងឆាបឆេះខ្លាំងឡើងៗបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាង ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកអន្តរាគមន៍ ដោយសភាពឆាបឆេះខ្លាំងពេក ក៏ទំនាក់ទំនងទៅខាងរថយន្តពន្លត់អគ្គិភ័យមកជាច្រើនគ្រឿងអន្តរាគមន៍បាញ់ទឹកពន្លត់ ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យនេះ មានម្ចាស់ឈ្មោះ Zdward Ray អាយុ២៦ ឆ្នាំ ជនជាតិចិនមុខរបរ អ្នកគ្រប់គ្រងទូទៅ ។
ប្រភេទសំណង់ អាគារសង់ពីថ្មបេតុងទំហំ 12ម៉ែត្រ x 20ម៉ែត្រ កម្ពស់ 21ជាន់ ។ ខូចខាត: ឆេះបន្ទប់ខុនដូលេខ11D ទំហំ 06ម៉ែត្រ x 05ម៉ែត្រ នៅជាន់ទី11 ចំនួន 01បន្ទប់ និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នជិតខាងឡើយ ។ របួសមនុស្សប្រុសម្នាក់ឈ្មោះ សូ ប៉ូលីន អាយុ 28 ឆ្នាំ មុខរបរ មន្ត្រីជាប់កិច្ចសន្យាសាលារាជធានីភ្នំពេញ ។
សម្រាប់មូលហេតុ ដែលបណ្ដាលឲ្យមានការឆាបឆេះខុនដូរនេះនៅ មិនទាន់ដឹងច្បាស់នៅឡើយទេ ដោយជំហ៊ានដំបូងសមត្ថកិច្ចបានសន្និដ្ឋានថា អាចមកពីការឆ្លងចរន្តអគ្គិសនី រីឯទំហំនៃការខូចខាច និងបាត់បង់ទ្រព្យសម្បត្តិ សមត្ថកិច្ចនៅមិនទាន់អាចបូកសរុបបាននៅឡើយទេ ។
នៅក្នុងប្រតិបត្តិការណ៍នេះ រថយន្តការិយាល័យអគ្គិភ័យ ចំនួន ៨គ្រឿង ប្រើប្រាស់ទឹកអស់៥ឡានស្មើ និង ២០ម៉ែត្រគូប រថយន្តអគ្គិភ័យក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន ៤ គ្រឿង ពុំបានប្រើប្រាស់ទឹកឡើយ ។ រថយន្តអគ្គិភ័យក្រុមហ៊ុនOCIC ទីក្រុងជ្រោយចង្វាចំនួន ២គ្រឿង ពុំបានប្រើប្រាស់ទឹកឡើយ ៕ ជ្រោយពេជ្រ