ព័ត៌មានទាន់ហេតុការណ៍៖

ទំនងស្រវឹងស្រា បើកម៉ូតូជែង ខណៈមេឃកំពុងភ្លៀង បុកពុំនូកថ្ម ហោះដួលសន្លប់ស្ដូក

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ខណៈ ដែលបុរសម្នាក់បើកម៉ូតូជែង ទំនងស្រវឹងស្រា បណ្តាលឲ្យបុកពុំនូកថ្ម ហោះទាំងម៉ូតូទាំងមនុស្សដួលបោកបែកមុខ បែកមាត់សន្លប់ស្តូកស្តឹងទាំងកណ្តាលភ្លៀងរលឹម កាលពីវេលាម៉ោង៥ និង៤០នាទីល្ងាច ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ១ ភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

យោងតាមអ្នកភូមិបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់អត់ស្គាល់អត្តសញ្ញាណ បើកបរម៉ូតូមួយគ្រឿងម៉ាកហុងដា ស៊េរី ឆ្នាំ២០១៨ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១k៥៩៩៨ ធ្វើដំណើរពីទិសខាងកើត ទៅលិច យ៉ាងលឿន ជែងរថយន្ត និងម៉ូតូ ដែលធ្វើដំណើរតាមដងធ្វើដងផ្លូវជាតិ និងកំពុងមានធ្លាក់ភ្លៀងតិចៗផងនោះ ។

ប្រភពបានឲ្យដឹងទៀតថា លុះមកដល់ចំណុចកើតហេតុខាងលើ ក៏រេចង្កូតមកខាងស្តាំដៃបុក និងពុំនូកថ្មខាងមុខផ្ទះ ពលរដ្ឋ រួចហោះជិត១០ម៉ែត្រ ដួលបោក បណ្តាលឲ្យសន្លប់ស្តូកស្តឹងតែម្តង ។

ក្រោយពីកើតហេតុ ត្រូវបានពលរដ្ឋនៅជិតខាងនោះ បានហៅរថយន្តសង្គ្រោះបន្ទាន់ មកដឹកទៅកាន់មន្ទីរពេទ្យ ហើយសមត្ថកិច្ច បានមកយកម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបរង់ចាំ​ក្រុមគ្រួរសារមកទទួលយកទៅវិញ ៕ យឹម សុថាន


ចែករំលែក៖