ខេត្តកំពង់ធំ៖ ក្រោយពីបុណ្យចូលឆ្នាំបានបញ្ចប់ទៅ ស្រាប់់តែមានពលរដ្ឋបានរាយការណ៍ និងមានការចុះផ្សាយថា ស្ងាត់ៗលោក ទ្រី លួចដាក់គ្រឿងចក្រ ឈូសឆាយដីរដ្ឋ លក់យ៉ាងរំភើយ! ដែលមានចំនួនជិត៣០ហិចតា នៅក្នុងភូមិអ៊ូបឹងរូងក្រោម ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ពលរដ្ឋបន្ដថា លោក ហេងទ្រី រស់នៅស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាមន្ត្រីរដ្ឋបាលព្រៃឈើកំពង់ថ្ម ជាអ្នកមានអំណាចម្នាក់ នៅពីក្រោយការឈូសឆាយដីនេះ ក្រោមលេះ ឈូសដាំឈើគ្រញូង តែតាមពិតឈូសដីលក់ឲ្យឈ្មួញ ។
ពាក់ព័ន្ធការចោទប្រកាន់នេះ លោក ហេងទ្រី បានបកស្រាយតាមទូរស័ព្ទថា គ្មានអ្នកណាថ្លើមធំហ៊ានលក់ដីរបស់រដ្ឋនោះទេ ការពិត នៅតែជាការពិត ដីនេះឈូសឆាយដាំគ្រញូងឡើងវិញ ហើយក៏ជាដី ដេកា លេខ ៨២ ដែលធ្លាប់មានទំនាស់ជាមួយពលរដ្ឋ ក្រោយមកបានសម្របសម្រួលដោះស្រាយរួចរាល់ ដោយកាលណោះ លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកំពង់ធំ បានចុះទៅពិនិត្យមើលរួចរាល់ហើយ ។ ការឈូសឆាយនេះ គឺស្ថិតនៅក្នុងដី ដែលបានកាយព្រំប្រឡាយព័ន្ធជុំវិញ មិនមែនស្ថិតនៅក្រៅប្រឡាយនោះទេ ហើយការកាយប្រឡាយនេះ ងាយស្រួលកុំឲ្យមានអ្នករំលោភដីរដ្ឋ ។
លោក ណំ ម្ចាស់គ្រឿងចក្របានប្រាប់ក្នុងកិច្ចសម្ភាសថា លោកគិតថា ដីនេះ ជាដីរដ្ឋមានច្បាប់ត្រឹមត្រូវ សម្រាប់ដាំឈើគ្រញូង មិនមែនជាដីបុគ្គលណាឡើយ ទើបលោកហ៊ានដាក់គ្រឿងចក្រឈូសឆាយដីនេះ ។
លោក តិប ញ្ញាតា ប្រធានស្ថានីយស្រាវជ្រាវ និងស្ដារព្រៃឈើឡើងវិញក្នុងខេត្តកំពង់ធំ និងជាអធិការរងខាងជើងបឹងទន្លេសាប បានឲ្យដឹងថា ដីនេះបានចុះបញ្ចីជាដីរបស់រដ្ឋរួចរាល់ហើយមិនមែនជាដីអ្នកណាទេ សុំកុំឲ្យមានការយល់ច្រឡំ ផ្សព្វផ្សាយថា ឈូសឆាយដីរដ្ឋសម្រាប់លក់ឲ្យឈ្មួញនោះ វាមិនពិតនោះទេ ! គឺកាយប្រឡាយលើប្រឡាយចាស់ ងាយស្រួលការពារដីដាំគ្រញូងរបស់រដ្ឋ ព្រោះកន្លងមក មានការរំលោភយកដីរដ្ឋ ! ម្យ៉ាងទៀត កន្លងមក មានការឆាបឆេះចម្ការគ្រញូងអស់ជិត៥០ហិចតា ដោយរកមូលហេតុមិនទាន់ឃើញ និងការឈូសឆាយនេះ គឺយើងដាំគ្រញូងឡើងវិញ និងដាំជួសកន្លែងណា ដែលត្រូវភ្លើងឆេះ ៕ ប៊ុនរិទ្ធី