រដ្ឋាភិបាលស្រីលង្កាបានអនុម័តច្បាប់ការពារសន្តិសុខ តឹងតែងបំផុត ក្រោយពេលទទួលបានព័ត៌មានថា មានក្រុមភេរវកម្មលាក់ខ្លួនជាច្រើននាក់ទៀត នៅក្នុងប្រទេសនេះ ត្រៀមវាយប្រហារភេរវកម្ម ។
ពេលថ្មីៗនេះ ប្រធានាធិបតីស្រីលង្កា បានចេញសេចក្តីប្រកាសហាមប្រាមពលរដ្ឋប្រើប្រាស់កន្សែងបិទមុខ តាមបែបសាសនាអ៊ីស្លាម ។ ច្បាប់ហាមប្រាម ចូលជាធរមាននៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ ។
កន្លងមក ទីបញ្ជាការសន្តិសុខ និងក្រសួងសាសនា បានពិភាក្សា ទៅលើសេរីភាពសាសនាដោយបានហាមប្រាម បិទស្បៃមុខ តាមបែបសាសនាអ៊ីស្លាម Burqa នៅស្រីលង្កា ។
សកម្មភាពខាងលើ កើតឡើង ក្រោយការវាយប្រហារ ទៅលើព្រះវិហារកាតូលិច សម្លាប់មនុស្សជិត៣រយនាក់ និង ជាង៥០០នាក់រងរបួស ។ ក្រុមភេរវកម្ម IS បានប្រកាសទទួលខុសត្រូវពីការវាយប្រហារខាងលើ ។
កម្លាំងទាហានស្រីលង្កា បានបើកការស្រាវជ្រាវ និងចាប់ខ្លួនមនុស្សជាង១០០នាក់ ។ ក្រោយការវាយប្រហារ កម្លាំងទាហាន បានការពារយាមល្បាតនៅគ្រប់ទិសទី ។ ក្រុមសន្តិសុខរកឃើញ ទង់ដែលមានទំនាក់ទំនងជាមួយក្រុម IS និងយន្តហោះ ឌ្រូន និងសម្ភារកែឆ្នៃ រំសេវផ្ទុះផងដែរ ។
ក្រោយការវាយប្រហារកាលពីថ្ងៃទី២១ ខែមេសា នៅមានការបំផ្ទុះជាច្រើនកន្លែងទៀត ប៉ុន្តែមិនបណ្តាលឲ្យមានអ្នកស្លាប់ និងរងរបួស នោះឡើយ ។ ដោយឡែក កាលពីថ្ងៃទី២៥ ខែមេសា មានការប៉ះទង្គិចគ្នា រវាងកម្លាំងសន្តិសុខ នៅក្រុមភេរវកម្ម ពេល កម្លាំងសន្តិសុខទៅឆែកឆេរតំបន់ ផលិតរំសេវរបស់ក្រុមភេរវកម្ម បណ្តាលឲ្យមានអ្នកស្លាប់ និងរបួស ១៥នាក់ ។
នៅពេលនេះ នាយករដ្ឋមន្ត្រីស្រីលង្កា លោក Ranil Wickremesinghe បានប្រកាសឲ្យដឹងថា កម្លាំងសន្តិសុខ ប្រទេសនេះបាន សម្លាប់ និងចាប់ខ្លួនក្រុមអិស្លាមជ្រុលនិយមជាច្រើន សង្ស័យជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម កាលពីថ្ងៃទី២១ ខែមេសា សម្លាប់មនុស្ស ជាង២៥០នាក់ និង ជាង៥០០នាក់រងរបួស ។
នៅក្នុងសេចក្តីប្រកាស នាយករដ្ឋមន្ត្រី Ranil Wickremesinghe បានបញ្ជាក់ថា ស្រីលង្កា មានគម្រោង ចេញច្បាប់តឹងតែងជាងនេះ សម្រាប់ទប់ស្កាត់ការវាយប្រហារភេរវកម្ម និងបណ្តេញ ក្រុមអាចារ្យបរទេស ដែលចូលមកផ្សព្វផ្សាយសាសនាខុសច្បាប់ នៅប្រទេសនេះ ។
មកទល់ពេលនេះ មន្ត្រីស្រីលង្កា ចាប់បានជនសង្ស័យជាង ១០០នាក់ ក្នុងនោះមានទាំងជនសង្ស័យបរទេសមកពី ប្រទេសស៊ីរី និងអេហ្ស៊ីប ជាដើម ។ ការវាយប្រហារអត្តឃាត កាលពីថ្ងៃទី ២១ ខែមេសា គឺជាការវាយប្រហារបង្ហូរឈាមទ្រង់់ទ្រាយធំបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង១ទសវត្សរ៍កន្លងមក ។ ក្រុមភេរវកម្ម ISបានចេញមុខទទួលស្គាល់ថា ជាសកម្មភាពវាយប្រហាររបស់ក្រុមខ្លួន ៕