ព័ត៌មានទាន់ហេតុការណ៍៖

ព្យុះមានល្បឿនខ្យល់ដល់ទៅ​២២០គីឡូម៉ែត្រវាយប្រហារ​ប្រទេស​ម៉ូសាំប៊ិក​

ចែករំលែក៖

ព្យុះមានឈ្មោះថា​ Kenneth ​បានបំផ្លាញជាទ្រង់ទ្រាយធំនៅក្នុងប្រទេស​ម៉ូសាំប៊ិក ដោយកម្លាំងខ្យល់បោកបក់ដល់ទៅ​២២០គីឡូម៉ែត្រ​ក្នុងមួយម៉ោង បំផ្លាញទ្រព្យសម្បត្តិ​ពលរដ្ឋជាច្រើន។

សារព័ត៌មាន​ BBC ​នៅថ្ងៃទី​២៩ ខែមេសាបានផ្សាយថា ខ្យល់ព្យុះនៅប្រទេសខាងលើនេះ បណ្តាលឲ្យមនុស្ស ៧០០ ០០០ នាក់ ពេលនេះ កំពុងរងនូវហានិភ័យ នៅក្នុងតំបន់ ខណៈដែលជំនន់ទឹកភ្លៀងបន្តកើនឡើងឥតឈប់ឈរ ។ទីក្រុង Pemba ជារដ្ឋធានី នៃខេត្ត Cabo Delgado កម្ពស់ទឹក បានជន់ឡើងខ្ពស់ជាង២ម៉ែត្រ។

អ្នកនាំពាក្យ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ លោក Saviano Abreu បានថ្លែងថា ស្ថានភាព នៅក្នុងទីប្រជុំជន Macommia និង Quissanga គឺធ្ងន់ធ្ងរ ហួសពីការរំពឹកគិត។ មានការព្រួយបារម្ភថា ស្ថានភាពបែបនេះ អាចនឹងកាត់ផ្តាច់ប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធទៅកាន់ ដែនកោះ Ibo ផងដែរ។ រលកសមុទ្រកម្ពស់ រហូតដល់៤ម៉ែត្រ ភ្នាក់ងារផ្តល់ជំនួយមនុស្សធម៌ ភ័យខ្លាចថា ភ្លៀងនឹងបន្តធ្លាក់កាន់តែខ្លាំងជាងនេះបន្ថែមទៀត ។

ស្រ្តីអ្នកនាំពាក្យ នៃកម្មវិធីស្បៀងអាហាររបស់អង្គការសហប្រជាជាតិ Deborah Nguyen បានបញ្ជាក់ថា «យើងមានការព្រួយបារម្ភ ពីព្រោះ តាមការព្យាករណ៍ ភ្លៀងនៅតែបន្តធ្លាក់ រហូតដល់ទៅ៤ថ្ងៃខាងមុខទៀត ។ បើតាមការព្យាករណ៍របស់យើង ភ្លៀងអាចនឹងធ្លាក់ទ្វេដងច្រើនជាងនេះ ដោយលាយឡំដោយខ្យល់ព្យុះ Idai ។ អង្គការសហប្រជាជាតិនឹងផ្តល់ទឹកប្រាក់១៣លានដុល្លារអាមេរិកដល់ប្រទេសម៉ូសាំប៊ិក ដោះស្រាយវិបត្តិមួយនេះ ។

សូមបញ្ជាក់ថា ខ្យល់ព្យុះ Idai ក្នុងខែមីនា កន្លងទៅនេះ បានវាយប្រហារទៅលើប្រទេសចំនួន៣ ស្ថិតក្នុងតំបន់ បណ្តាលឲ្យមនុស្សជាង៩០០នាក់ស្លាប់៕


ចែករំលែក៖