ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូមិនប្រកាន់ស្ដាំ បុកជាមួយរថយន្ត បែកក្បាលជង្គង់លៀនឆ្អឹងចេញក្រៅ គួរឲ្យញាក់សាច់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសបែកក្បាលជងគង់ចេញឆ្អឹងហូរឈាមគួរឲ្យញាក់សាច់ ខណៈ ដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទំនងស្រវឹងស្រាប្រើប្រាស់ល្បឿនលឿនមិនប្រកាន់ស្ដាំបុកជាមួយរថយន្តម៉ាក HINO ដឹកទំនិញបញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀលនៅ ថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៩ ស្ថិតលើផ្លូវលេខ៣១៤D នៅភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសដែលជិះម៉ូតូ ដែលរងរបួសមានឈ្មោះហែល គឹមហេង អាយុ៥៣ ឆ្នាំ មុខរបរកសិករ រស់នៅភូមិអូរដូនអាម ឃុំ ព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ខណៈជិះម៉ូតូ ម៉ាកហុងដាសេ ១២៥ ស៊េរី ឆ្នាំ២០១៧ ពណ៌ខ្មៅ ស្លាកលេខស្វាយរៀង ១J ៩១៣៦ ខូចខាតយ៉ាងដំណំ ។

ចំណែកអ្នកបើករថយន្តមានឈ្មោះ ខៀវ សុផា ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅភូមិចំបក់កោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ ១២៥ ស៊េរី ឆ្នាំ២០១៧ ពណ៌ខ្មៅ ស្លាកលេខស្វាយរៀង ១J ៩១៣៦ ធ្វើដំណើរទិសដៅពីត្បូងទៅកើត ទំនងស្រវឹងស្រាប្រើប្រាស់ល្បឿនលឿនមិនប្រកាន់ស្ដាំស្រាប់ មកដល់កន្លែងកើតហេតុខាងលើ បានបុកប៉ះរថយន្ត ម៉ាក HINO ពណ៌ស ស្លាកលេខ ព្រះសីហនុ ៣A ៦៧៤៥ ចំហៀងខាងមុខផ្នែកខាងឆ្វេង ក្នុងទិសដៅពីកើតទៅត្បូងយ៉ាងពេញ ទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមកអ្នករងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចមូលដ្ឋានដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយទាបភ្លាមៗ និងវាស់វែង និងអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖