ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ៤នាក់ ក្រោយពីពួកគេធ្វើសកម្មភាពលួចដែកនៅឃ្លាំងដែកមួយកន្លែង ស្ថិតនៅផ្លូវបេតុង ភូមិតាបស់ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១ និង០០នាទីព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ខាងលើរួមមាន ៖ ទី១-ឈ្មោះ ស៊ីន សុខហេង អាយុ១៦ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ ។ ទី២-ឈ្មោះ ហេង ចាន់ណាត អាយុ១៥ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ។ ទី៣-ឈ្មោះ តក សុវណ្ណ អាយុ១៩ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបាកូស សង្កាត់ដង្កោ ខណ្ឌដង្កោ និងទី៤-ឈ្មោះ ផន បញ្ញា អាយុ២១ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។
យោងតាមប្រភពព័ត៌មានពីម្ចាស់ឃ្លាំងបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានចាក់សោឃ្លាំងហើយចេញទៅក្រៅ ស្របពេលឱកាសល្អជនសង្ស័យ៤នាក់ខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ទៅចតទុកមុខឃ្លាំងហើយក៏នាំគ្នាធ្វើសកម្មភាពលួចគាស់ទ្វារជញ្ជូនដែកបម្រុង និងដឹកចេញ ។ ស្របពេលនោះ ប្អូនប្រុសម្ចាស់ឃ្លាំងបានឃើញក្រុមចោរទាំងនេះ កំពុងតែលួចលីដែកចេញពីក្នុងឃ្លាំង ក៏បានស្រែកឆោឡោផ្អើលអ្នកភូមិនាំគ្នាជួយដេញស្ទាក់ចាប់បានទាំង៤នាក់ រួម និងម៉ូតូមួយគ្រឿង ដែលជាមធ្យោបាយរបស់ក្រុមសង្ស័យ ជិះធ្វើសកម្មភាពដើរលួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រៃវែង ។
ម្ចាស់ឃ្លាំងខាងលើបានឲ្យដឹងទៀតថា កន្លងមកក្រុមជនសង្ស័យខាងលើនេះ បានធ្វើសកម្មភាពលួចកាត់យកខ្សែភ្លើងក្នុងឃ្លាំងរបស់គាត់ម្តងរួចមកហើយ ។ ដោយពួកគេញ៉ាម នៅពេលទៅលួចម្តងទៀតត្រូវបានជាប់ខ្នោះទាំង៤នាក់តែម្តង ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង៤នាក់រួចមក ជនរងគ្រោះឈ្មោះ ឆន ដាវុទ្ធ ភេទប្រុស អាយុ៤៣ ឆ្នាំ ដែលត្រូវជាម្ចាស់ឃ្លាំងបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃវែង ។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបាន ឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕ ភារ៉ា ដង្កោ