ព័ត៌មានទាន់ហេតុការណ៍៖

ហុងដាឌ្រីមជិះគ្នាទាំងកណ្ដាលថ្ងៃចែស ស្លាប់ម្នាក់ របួសធ្ងន់ ២នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់បានបាត់បង់ជីវិតយ៉ាងរន្ធត់ នៅគ្រាដែលបងប្អូនសាច់ញាតិព្យាយាមបញ្ជូនទៅសង្រ្គោះ និងយុវជន ២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹងម៉ូតូ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានមនុស្សរងរបួស និងស្លាប់ខាងលើ បានកើតឡើងនៅវេលាម៉ោង១ និង២០នាទី រសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០៩.១១០ ស្ថិតក្នុងភូមិ. ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍ នគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជន ២នាក់ធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1I 2518 បើកបរដោយឈ្មោះ សិទ្ធ ពីន ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង(ធ្ងន់) និងអ្នករួមដំណើរឈ្មោះ មាន ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរជួលជុលម៉ូតូ (ធ្ងន់) រស់នៅភូមិឆាយស្រែនាង ឃុំសែននោង ស្រុកត្រាំកក់ ខេត្តតាកែវ ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកមានស្រ្តីម្នាក់កំពុងជិះម៉ូតូឆ្លងផ្លូវ(ត្បូងជើង) ចេញពីកន្លែងលក់បង្អែមពេញទំហឹង បណ្ដាលឲ្យម៉ូតូ និងម៉ូតូរមូជាប់គ្នា ចំណែកមនុស្សរងរបួសរដូករណែលលើផ្លូវយ៉ាងសារហាវ ។

របាយការណ៍ នគរបាលខាងលើបន្តថា ស្រ្តីរងគ្រោះ (ស្លាប់) នៅពេលសាច់ញាតិព្យាយាមបញ្ជូនទៅសង្រ្គោះ នៅមណ្ឌលសុខភាពប្រម៉ោយឈ្មោះ ទឹង ណារី អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ. ឃុំកើតហេតុ ធ្វើដំណើរដោយម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1Q 1254 ។

របាយការណ៍ដ ដែលបន្តទៀតថា ជនរងរបួសធ្ងន់ទាំង ២នាក់បញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យ ខេត្តពោធិ៍សាត់ ចំណែកសាកសពស្រ្តីរងគ្រោះធ្វើកំណត់ហេតុប្រគល់ទទួលជូនក្រុមគ្រួសារសាច់ញាត្តិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ដោយឡែក៖ វត្ថុតាងម៉ូតូទាំង ២គ្រឿង នគរបាលជំនាញផ្នែកសណ្ដាប់ធ្នាប់យកទៅរក្សាទុក ជាបណ្ដោះអាសន្ន រងចាំវាសវែង និងដោះស្រាយគ្នាជាក្រោយ ៕ បុឹម ពិន


ចែករំលែក៖