ភ្នំពេញ៖ ដើម្បីឲ្យពិធីអបអរសាទរ ខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម០៨ ឧសភា ២០១៩ នៅពេលខាងមុខ ដំណើរការទៅដោយរលូន នឹងទទួលបានជោគជ័យ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃចន្ទ១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័កព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំ ជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ដើម្បីត្រៀមកម្លាំងរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ ឲ្យបានល្អប្រសើរក្នុងពិធីនេះ ។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមការចូលរួមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាឲ្យបាននូវដំណើរការ នៃអង្គពិធីប្រជុំប្រព្រឹត្តទៅដោយរលូន និងរក្សាឲ្យបានសន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈជូនថ្នាក់ដឹកនាំ និងមហាជនចូលរួមក្នុងអង្គពិធី ។
បើតាមគណៈកម្មាធិការ កាកបាទក្រហមកម្ពុជា ដើម្បីត្រៀមរៀបចំខួបទី១៥៦ បានឲ្យដឹងថា ទិវាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា-I Love Cambodian Red Cross» ។
ទិវាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា និងអបអរខួប១០០ ឆ្នាំ នៃការបង្កើតសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហមអឌ្ឍចន្ទក្រហម (១៩១៩–២០១៩) នឹងប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយមានវត្តមានឥស្សរជនថ្នាក់ដឹកនាំជាតិ-អន្តរជាតិ និងសប្បុរសជនចូលរួម ប្រមាណច្រើនពាន់នាក់ ៕ សំរិត