ភ្នំពេញ៖ នារីវ័យ២២ឆ្នាំម្នាក់ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លា ឃាត់ខ្លួនករណីអំពើលួចនាឡិកាដៃ យកទៅបញ្ចាំ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៨ និង៥៧នាទី នៅចំណុចផ្ទះលេខ៥៣បេ តាមផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ សួង លីលី ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបំរើខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួលលេខ៩ ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានសារថាតុញៀន ។ ចំណែកជនរងគ្រោះមាន ឈ្មោះ អុន មករា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនដឹកញ្ជូន ស្នាក់នៅផ្ទះលេខ៥៣បេ តាមផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
សម្ភារដកហូត៖ នាឡិកាដៃខ្សែស្បែក០១គ្រឿង ដាំត្បូង ពណ៌ស របស់ជនរងគ្រោះ ។
សម្ភារបាត់បង់ ៖ទូរសព្ទ័ដៃ០៣គ្រឿង , ចិញ្ចៀនពេជ្រ០១វង់ របស់ជនរងគ្រោះ ។
តាមការរៀបរាប់របស់ស្ត្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតកាលពីថ្ងៃទី២៥ មេសា ឆ្នាំ២០១៩ វេលាម៉ោង០៧ និង៣០នាទីគាត់ បានយកនាឡិកាដៃខ្សែ ០១គ្រឿង , ទូរសព្ទ័ដៃ០៣គ្រឿង , ចិញ្ចៀនពេជ្រ០១វង់ ទុកលើក្តាអ៊ុតខោអាវក្នុងផ្ទះចំណុចកើតហេតុ រួចជនរងគ្រោះបានចូលទៅដេកក្នុងបន្ទប់ លុះព្រឹកឡើង ក៏បាត់នាឡិកាដៃខ្សែ០១គ្រឿង , ទូរសព្ទ័ដៃ០៣គ្រឿង , ចិញ្ចៀនពេជ្រ០១វង់ ។ លុះដល់ថ្ងៃទី២៩ ខែ ឆ្នាំ ដដែល វេលាម៉ោង១៨ និង៥៧នាទី ជនរងគ្រោះបានឃើញនាឡិកដៃដែលខ្លួនបាត់ នៅហ្នឹងដៃរបស់ជនសង្ស័យកំពុងយកទៅបញ្ចាំនៅម្តុំសង្កាត់ផ្បារថ្មីទី១ ខណ្ឌដូនពេញ ហើយជនគ្រោះ បាននាំខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា សាកសួរ និងបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានទិញទូរសព្ទ័ដៃពីមនុស្សស្រីម្នាក់មិនស្គាល់ឈ្មោះ រួចខ្លួនបានយកនាឡិកាដៃខាងលើទៅបញ្ចាំ ក៏ត្រូវជនរងគ្រោះឃើញបាននាំខ្លួនប្រគល់ឲ្យសមត្ថិកិច្ចតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕ តុង សីហា