ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកប្តេជ្ញាដាក់ទណ្ឌកម្ម រហូតដល់បោះបង់បរមាណូ កូរ៉េខាងជើង ថាដាក់ទណ្ឌកម្ម​១ពាន់ឆ្នាំទៀត ក៏មិនខ្វល់

ចែករំលែក៖

ស្ថានភាពទំនាក់ទំនងរវាងអាមេរិក នឹង​កូរ៉េខាងជើង អាចប្រឈមមុខតានតឹងជាថ្មី ក្រោយពេលអាមេរិកប្រកាសដាក់ទណ្ឌកម្ម រហូតដល់កូរ៉េខាងជើង ព្រមបោះបង់ អាវុធបរមាណូ ។ ប៉ុន្តែចំណែកកូរ៉េខាងវិញ ក៏បានប្រកាសថា មិនខ្វល់ពីការដាក់ទណ្ឌកម្មរបស់អាមេរិកនោះឡើយ បើទោះបីអាមេរិក ដាក់ទណ្ឌកម្មរហូតដល់១ពាន់ឆ្នាំទៀតក៏មិនជាបញ្ហានោះដែរ ។

ជាមួយគ្នានេះ កូរ៉េខាងជើង បានខិតខំបង្កើន ទំនាក់ទំនងជាមួយប្រទេសជាច្រើនផ្សេងទៀត ដើម្បីគេចពីការដាក់ទណ្ឌកម្មរបស់អាមេរិក ។ នៅពេលនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក ​លោក​ Mike Pompeo បានប្រកាសថា ​ការដែលអាមេរិក បន្តអនុម័តដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង គឺដើម្បីឈាមដល់គោលដៅ រំសាយអាវុធបរមាណូ នៅកូរ៉េខាងជើង ។

លោក​ Pompeo ​បានឲ្យដឹងថា​ ទីក្រុងវ៉ាស៊ីនតោន​ មិនមានបំណងកាត់បន្ថយទណ្ឌកម្មទៅលើកូរ៉េខាងជើង នោះឡើយ រហូតដល់ប្រទេសនេះ បោះបង់អាវុធបរមាណូនិងមីស៊ីល ។ រដ្ឋមន្ត្រី​ការបរទេសអាមេរិកបានបញ្ជាក់ទៀតថា «យើងជឿជាក់ថា​ យើងនឹងបន្តដាក់គំនាប់សេដ្ឋកិច្ច​ទៅលើកូរ៉េខាងជើង រហូតដល់ប្រទេសនេះ យល់ព្រមបោះបង់អាវុធបរមាណូ » ។

នៅក្នុងកិច្ចប្រជុំកំពូលលើកទីពីរនៅវៀតណាម កាលពីចុងខែកុម្ភៈ កន្លងមក មេដឹកនាំគីមជុង អ៊ុន បានស្នើដល់អាមេរិកឲ្យលុបទណ្ឌកម្ម មួយផ្នែកដើម្បីដោះដូរនិងការរំសាយអាវុធបរមាណូ​ ។ ប៉ុន្តែប្រធានាធិបតីដូណាល់ ត្រាំ បានបដិសេធ នូវសំណើទាំងនោះ ដោយលោកត្រាំ លើកឡើងថា លុះត្រាណា កូរ៉េខាងជើង បោះបង់អាវុធបរមាណូ និងមីស៊ីលជាមុនសិន ។

ទាំងអាមេរិក និងកូរ៉េខាងជើងធ្លាក់នៅក្នុងសភាពជាប់គាំង​ដោយកិច្ចប្រជុំបញ្ជប់មុនពេលកំណត់ និងមិនមាន​ការចុះហត្ថលេខាលើសេចក្តីប្រកាសរួមនោះឡើយ ។

ពាក់ព័ន្ធនឹងជំនួបលើកទីបី រវាងលោកត្រាំ នឹងគីម ជុងអ៊ុន រដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់ថា លោកមិនទាន់ ប្រាកដដែរថា នឹងមានជំនួបលើកទីបីដែរទេ​ ។

កូរ៉េខាងជើង បានបង្ហាញពីការខកចិត្តយ៉ាងខ្លាំង ពីដំណើរពិភាក្សាស្តីពីកម្មវិធីបរមាណូជាមួយអាមេរិក មិនទទួលបានជោគជ័យ​ ។ កន្លងមក ទីក្រុងព្យុងយ៉ាង ក៏បានស្នើរដ្ឋាភិបាលអាមេរិក ផ្លាស់ប្តូ​រដ្ឋមន្ត្រី Pompeo ​ចេញពីប្រធានគណៈប្រតិភូពិភាក្សា ជាមួយកូរ៉េខាងជើង ដោយសារតែលោក មិនបានយល់ពីគោលបំណងរបស់កូរ៉េខាងជើងនោះឡើយ ។

កន្លងមកថ្មីៗ រដ្ឋមន្ត្រីកូរ៉េខាងជើង បានប្រកាសថា ច្បាប់ដាក់ទណ្ឌកម្ម មិនមែនជាក្តីកង្វល់របស់ទីក្រុងព្យុងយ៉ាងនោះឡើយ ។ ទន្ទឹមនឹងនោះ ក៏បានអំពាវនាវឲ្យអាមេរិកផ្លាស់ប្តូរវិធីសាស្ត្រ ក្នុងការដោះស្រាយបញ្ហា ទណ្ឌកម្មមិនអាចដោះស្រាយបានឡើយ ។

រដ្ឋមន្ត្រីទទួលបន្ទុក បញ្ហាសេដ្ឋកិច្ច កិច្ចការបរទេស លោក Kim Yong Jae បានលើកឡើងថា «ទុកឲ្យការដាក់ទណ្ឌកម្មតាមចិត្ត មួយឆ្នាំ មួយរយឆ្នាំ ឬមួយពាន់ឆ្នាំ តាមតែចិត្ត ។ យើងមិនខ្វល់នោះឡើយ ហើយការដាក់ទណ្ឌកម្មទាំងនោះ មិនប៉ះពាល់ដល់កូរ៉េខាងជើងឡើយ» ។

លោក Kim Yong Jae បានលើកឡើងថា « អ្នកទាំងនោះមិនគួរធ្វើបែបនេះទៀតឡើយ ហើយត្រូវតែផ្លាស់ប្តូរគោលជំហរ របស់ខ្លួន » ។ លោកបន្តទៀតថា សូម្បីតែកូរ៉េខាងត្បូង ក៏គិតថា ទីក្រុងព្យុងយ៉ាងត្រូវការ លុបទណ្ឌកម្មពីអាមេរិក និងអង្គការសហប្រជាជាតិ ប៉ុន្តែច្បាប់ដាក់ទណ្ឌកម្ម មិនធ្វើឲ្យប៉ះពាល់ដល់ទីក្រុងព្យុងយ៉ាងនោះឡើយ ។

ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង កើតឡើងក្រោយពេល មេដឹកនាំ គីម ជុងអ៊ុន បានជួបពិភាក្សា ជាមួយប្រធានាធិបតី ពូទីន នៅក្នុងប្រទេសរុស្ស៊ី ដោយជោគជ័យ ។ មេដឹកនាំកូរ៉េខាងជើង បានប្រកាសថា ការរំសាយបរមាណូរបស់កូរ៉េខាងជើង អាស្រ័យ ទៅលើអាមេរិក តែប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងការប្រឈមមុខដាក់គ្នា ​ជាមួយអាមេរិក រដ្ឋាភិបាលកូរ៉េខាងជើង បានស្នើដល់ កូរ៉េខាងត្បូង កុំខ្វល់ពីសម្ពាធរបស់អាមេរិក ដោយបង្កើនកិច្ចសហប្រតិបត្តិការ​អន្តរទ្វីប ឲ្យកាន់តែប្រសើរឡើង ។

សារពិសេសរបស់គណៈកម្មាធិការ សម្រាប់ការបង្រួបបង្រួមជាតិ ដោយសន្តិភាព (CPRC) បានកើតឡើងនៅពេល ដែលកូរ៉េទាំងពីរ រំលឹកខួបលើកទី១ នៃកិច្ចប្រជុំកំពូល ប្រវត្តិសាស្ត្រប៉ាន ម៉ុនជូម ចំពេលមានការសង្ស័យ អំពីដំណើរការ ចរចារំសាយអាវុធនុយក្លេអ៊ែរ ។

សហរដ្ឋអាមេរិកកំពុង ដាក់សម្ពាធយ៉ាងច្បាស់ ទៅលើប្រទេសកូរ៉េខាងត្បូង ដែលទាមទារឲ្យទំនាក់ទំនងអន្តរកូរ៉េ មិនហួសពីទំនាក់ទំនង របស់ក្រុងវ៉ាស៊ីនតោន ជាមួយកូរ៉េខាងជើង ដែលជាអង្គភាពមួយដែល គ្រប់គ្រងកិច្ចការប្រចាំថ្ងៃ របស់ក្រុងព្យុងយ៉ាង លើទីក្រុងសេអ៊ូល ។

វាត្រូវបានគេអះអាងថា វ៉ាស៊ីនតោន កំពុងព្យាយាមបង្ខំឲ្យទំនាក់ទំនង អន្តរកូរ៉េ ស្ថិតនៅក្រោមច្បាប់ នៃទណ្ឌកម្មរបស់ខ្លួន ។

ក្រៅពីនេះ ប្រភពព័ត៌មានបានឲ្យដឹងថា ប្រមុខការបរទេសរបស់អ៊ីរ៉ង់នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ក្នុងពេលឆាប់ៗនេះ ដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី និងទប់ទល់ជាមួយ ការដាក់សម្ពាធសេដ្ឋកិច្ចពីអាមេរិក ។

សារព័ត៌មានជាតិអ៊ីរ៉ង់ IRNA បានផ្សាយថា រដ្ឋមន្ត្រីការបរទេស លោក Mohammad Javad Zarif នឹងបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកូរ៉េខាងជើង ខណៈប្រទេសទាំង២ សុទ្ធតែកំពុងជាប់ទណ្ឌកម្មអាមេរិក ជុំវិញការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីល ។

លោក Mohammad Javad Zarif បានលើកឡើងពីគម្រោងទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី២៨ ខែមេសា ប៉ុន្តែពេលវេលា ច្បាស់លាស់មិនទាន់ប្រកាសឲ្យដឹងនៅឡើយទេ ។

ការទស្សនកិច្ចទៅកាន់កូរ៉េខាងជើង គឺជាការឆ្លើយតបទៅនឹងការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri yong Ho បានបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់ កាលពីពេលកន្លងមក ។

កន្លងមក អាមេរិក ធ្លាប់បានចោទប្រកាន់ កូរ៉េខាងជើង ថា បានលួចផ្តល់បច្ចេកវិទ្យាបរមាណូទៅឲ្យទីក្រុងតេអេរ៉ង់ ក៏ដូចជាដោះដូរបច្ចេកវិទ្យាមីស៊ីល ក្នុងអំឡុងឆ្នាំ១៩៨០ដល់ឆ្នាំ១៩៨៨ ៕


ចែករំលែក៖