ភ្នំពេញ៖ ដើម្បីពង្រឹងការងាររដ្ឋបាលទូទៅនៅក្នុងឲ្យបានប្រសើរឡើងថែមទៀត លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានណែនាំឲ្យមន្រ្តីអាជ្ញាធរគ្រប់មូលដ្ឋាន បន្តយកចិត្តទុកដាក់ អនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្តិភាព តាមរយៈការធ្វើវេទិកាសាធារណៈ ឲ្យបាន ជាប់ជាប្រចាំ និង ចូលរួមដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន ហើយចៀសវាងដាច់ខាតការ សន្យាខ្យល់ ឬ ភូតភរគាត់ ថានឹងជួយអ្វីមួយ ព្រោះទង្វើនេះ មិនមែនជាទំលាប់របស់យើងទេ ។
នេះជាការលើកឡើងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៩ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ដែលបានធ្វើឡើង កាលពីរសៀល ថ្ងៃទី២៩ខែមេសានេះ
លោកអភិបាលខណ្ឌបានលើកឡើងបន្តថា៖ ឆ្លើយតបទៅតាមសំណូមពរ ហើយដែលយើងអាចធ្វើបាន គឺត្រូវតែធ្វើភា្លម ហើយអ្វីដែលហួសពីសមត្ថភាព យើងត្រូវរាយការជូនទៅថ្នាក់លើជាបន្ត ។
កន្លងមក បន្ទាប់ពីមានការបើក វេទិកា សាធារណៈជារៀងរាល់ខែមក រាល់បញ្ហាបទល្មើស និង បញ្ហាអវិជ្ជមាននានា ដែលតែងតែកើតមាននាពេលកន្លងមក គឺមានការថយចុះជាបន្តបន្ទាប់ ។
មូលហេតុនៃការថយចុះបទល្មើសនេះ គឺដោយសារប្រជាពលរដ្ឋបានសហការយ៉ាងល្អ ជាមួយអាជ្ញាធរមូលដ្ឋាន និង នគរបាលប៉ុសិ៍្តរដ្ឋបាល តាមរយៈការរាយការណ៍បានទាន់ពេលវេលា នូវរាល់ហេតុការណ៍នានា ដែលបាន កើតឡើងក្នុងមូលដ្ឋានរបស់ពួកគាត់ កំពុងរស់នៅសព្វថ្ងៃ ។
ជាមួយគ្នានេះលោកក៍បាន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តសហការជាមួយអាជ្ញាធរ និង នគរបាលប៉ុស្តិ៍រដ្ឋបាល តាមរយៈការចូលរួមរាយការណ៍ជាបន្ទាន់ នៅពេលមានហេតុការបទល្មើសកើតឡើងចំពោះគ្រួសារយើង និង អ្នកជិតខាងយើង ដើម្បីសមត្ថកិច្ចបង្ក្រាបឲ្យបានទាន់ពេល ។ ការដាក់កំលាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតាមច្រកល្ហក និងតាមដងផ្លូវសំខាន់នានា ជាប្រចាំ ក៍ជាប្រការមួយសំខាន់បំផុត ក្នុងការទប់ស្កាត់នូវរាល់ការប៉ុនប៉ង ប្រព្រឹត្តបទល្មើសពី សំណាក់ជនអាក្រក់មួយចំនួន ។
ទាក់ទងទៅនឹងការងារបរិស្ថាន លោកអភិបាលខណ្ឌ ក៍បានស្នើរ ឲ្យសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន និមួយៗ យកចិត្តទុកដាក់ពីអ្នករកស៊ី រថយន្ត ដឹកដី ដឹកខ្សាច់ ដែលកំពុងធ្វើអាជីវកម្មតាមដងផ្លូវនានា ដោយរិតបណ្តឹងឲ្យបានខ្លាំង បំផុត ចំពោះម្ចាស់យាន្តយន្តណា មិនបានគោរពតាមការណែនាំ របស់សាលារាជធានីភ្នំពេញ ធ្វើឲ្យដី ឬ ខ្សាច់ ធ្លាក់ហូររោយមកលើផ្លូវថ្នល់ ។
បើមានករណីនេះកើតឡើង ត្រូវតែឲ្យម្ចាស់ឡានដឹកដីនោះ លាងផ្លូវដែលខ្លួនកំពុងធ្វើអាជីវកម្ម ឲ្យបានស្អាតភ្លាមៗ ឡើងវិញ ។ ចំពោះការងារបំរើសេវាសាធារណៈ,គ្រប់មូលដ្ឋានសង្កាត់ទាំងអស់ ត្រូវតែបំរើប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាដោយមិន គឹតពីផលប្រយោជន៍ឡើយ ៕ សណ្តោស