គ្រោះទឹកជំនន់បណ្តាលឲ្យលិចលង់តំបន់ជាច្រើន នៅប្រទេសកាណាដា បំផ្លាញផលដំណាំជាច្រើនរបស់ពលរដ្ឋ ក៏ដូចជាសត្វចិញ្ចឹម ត្រូវបាត់បង់ ដោយសារទឹកលិច។ ជាមួយគ្នានេះ ពលរដ្ឋ ជាង១ម៉ឺននាក់ត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព។
តំបន់ភាគខាងកើត កាណាដា បានជន់លិចយ៉ាងខ្លាំង ហើយអាជ្ញាធរ បានព្រមានថា មិនងាយនឹងស្រកឆាប់ៗនោះឡើយ ខណៈមនុស្សរហូតដល់ ១ម៉ឺននាក់រួចហើយ បានភៀសខ្លួនទៅរកតំបន់មានសុវត្ថិភាព។ ដំណាលគ្នានេះផងដែរ ក្រុមជួយសង្គ្រោះបាន និង កំពុងស្វែងរកសត្វចិញ្ចឹមរបស់ប្រជាជន ដែលបានបាត់បង់។
អាជ្ញាធរកាណាដា កាលពីថ្ងៃ២៩ ខែមេសា ឆ្នាំ២០១៩ បានចាត់ទុកថា នេះជាគ្រោះទឹកជំនន់និទាឃរដូវដ៏អាក្រក់ជាងគេ មិនធ្លាប់ជួបប្រទះ ចាប់តាំងពីឆ្នាំ២០១៧ នេះមក។ តំបន់រងគ្រោះខ្លាំងជាងគេ គឺទីប្រជុំជន Sainte-Marthe-sur-le-Lac នាភាគខាងលិចទីក្រុង ម៉ុងត្រៀល (Montreal) ។ នៅទីនោះ មានប្រជាជនជាង៦០០០នាក់ បានបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសំបែង ខណៈដែលទឹកនៅបន្តជន់ឡើងជានិច្ច កាលពីចុងសប្តាហ៍កន្លងមកនេះ។
លោកស្រី Genevieve Guilbault រដ្ឋមន្ត្រីក្រសួងសុវត្ថិភាពសាធារណៈ នៅក្នុងទីក្រុងកេប៊ិក ធ្វើសន្និសីទកាសែតមួយថា ទឹកជំនន់នៅក្នុងទីក្រុងនេះ «កំពុងនៅនឹង» ។ ទឹកជំនន់នៅក្នុងតំបន់ មានកម្រិតថយចុះ ហើយយើងសង្ឃឹមថា យើងអាចការពារតំបន់នេះបាន ។ លោកស្រីបានបញ្ជាក់ថា ការសាងសង់ទំនប់ទប់ទឹក បាន និង កំពុងដំណើរការ ហើយវាអាចបញ្ចៀសបាននូវទឹកជំនន់ មិនឲ្យជន់លិចចូលភូមិឋានរបស់ប្រជាពលរដ្ឋ ។
មនុស្សយ៉ាងតិច៩០០០នាក់ បានបាត់បង់ទីជម្រក នៅក្នុងខេត្ត Quebec គឺកើនឡើងទ្វេដង កាលពីអំឡុងឆ្នាំ២០១៧ និងក្លាយជាទឹកជំនន់ដ៏អាក្រក់បំផុត ក្នុងរយៈពេលកន្លះសតវត្ស មិនដែលកើតមាន នៅក្នុងតំបន់នេះ ។
ប្រជាជនបានភៀសខ្លួនទាំងប្រញាប់ប្រញាល់ ម្ល៉ោះហើយសត្វចិញ្ចឹមរបស់ពួកគាត់ ត្រូវបានបោះបង់ចោល មិនអាចនាំយកទៅជាមួយបានឡើយ ។
ដោយឡែកនៅក្នុងទីក្រុង New Brunswich មានមនុស្សជាង១ពាន់នាក់ ត្រូវបង្ខំចិត្តភៀសខ្លួនពីលំនៅឋានរបស់ពួកគេ ។ ការជម្លៀសខ្លួននេះបានធ្វើឡើង នៅរដ្ឋធានី អូតាវ៉ា ផងដែរ ។ ទាហានរាប់ពាន់នាក់បានដាក់ពង្រាយ នៅទូទាំងតំបន់ Ontario, Quebec និង New Brunswich ដើម្បីជួយដល់ការងារជម្លៀសប្រជាជន ក៏ដូចជា ចូលរួមជួយច្រកខ្សាច់ដាក់ក្នុងបៅ ធ្វើជាទំនប់ទប់ទឹកជាដើម ។
លោកស្រី Guilbault បានបញ្ជាក់ថា លោកស្រីរំពឹងថា ភ្លៀងនឹងលែងធ្លាក់ខ្លាំងបន្ដទៀត ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ ទឹកជំនន់អាចស្រកចុះវិញ ក្នុងរយៈពេលយូរ៕