ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយទីក្រុងប៉ារីស បើកសិក្ខាសាលាបច្ចេកទេស ស្ដីពីប្លង់អភិវឌ្ឍន៍តំបន់ប៉ែកខាងត្បូងរាជធានី និងគម្រោងសិក្សា កែលម្អតីរវិថីព្រះស៊ីសុវត្ថិ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយទីក្រុងប៉ារីស ប្រទេសបារំាង បើកសិក្ខាសាលាបច្ចេកទេសស្តីពីប្លង់អភិវឌ្ឍន៍តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ និង គម្រោងសិក្សាកែលម្អតីរវិថីព្រះស៊ីសុវត្ថិ ឲ្យបានល្អប្រសើរទៅតាមកំណើនប្រជាជនទីក្រុងបង្កលក្ខណៈឲ្យពួកគាត់រស់នៅតាមបែបស៊ីវិល័យនៃទីក្រុងវៃឆ្លាត ។

សិក្ខាសាលានេះ បានធ្វើឡើង កាលពីថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៤៦២ត្រូវនឹង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩

នៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីអេឡូឌីគូយការ (ELODIE COUCA) តំណាង សាលាក្រុងប៉ារីស ។

សិក្ខាសាលានេះ ធ្វើឡើងក្រោមកិច្ចសហការទ្វេភាគីលើវិស័យនគររូបនីយកម្មក្នុងន័យជំរុញការគិតគូរអំពីបញ្ហាលំហសាធារណៈ អនាម័យ បរិស្ថាន និងសោភណ្ឌភាពទីក្រុងដើម្បីឆ្លើយ តបទៅនឹងគោលការនគររូបនីយបញ្ញាតិ និងភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ ។

លោក ឃួង ស្រេង បានថ្លែងថា៖ ការសិក្សាបច្ចេកទេសនេះគឺធ្វើឡើងបន្តពីការសិក្សា ដែលរដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើងអស់រយះពេលជាង២ឆ្នាំមកហើយ ។ សិក្ខាសាលានេះក្នុងគោលបំណងរកធាតុចូល, ការចូលរួមផ្ដល់មតិយោបល់បទពិសោធន៏បំពេញបន្ថែមផ្នែកបច្ចេកទេស និងគោលការណ៏ច្បាប់ ដែលត្រូវលើកយកមកពិភាក្សា ។

លោក ឃួង ស្រេង បានបន្តថា៖ ការពិភាក្សាបានធ្វើឡើងលើ២ចំណុចគឺពិភាក្សាទៅលើការកែលម្អដងតីរះវិថីព្រះស៊ីសុវត្ថិ ដែលក្នុងផ្នែកនេះយើងនឹងពិនិត្យពិភាក្សាលើទិដ្ឋភាពលំហូរចរាចរណ៏, ការសិក្សារៀបចំឲ្យមានការតភ្ជាប់លំហរបៃតងនៅតាមដងទន្លេសាប ។ ពិភាក្សាលើ ការធ្វើសមាហរណ៏កម្មគំរោងអភិវឌ្ឍន៍នៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ដែលក្នុងផ្នែកនេះយើង ក៏នឹងពិនិត្យពិភាក្សាទៅលើទិដ្ឋភាពនៃការសិក្សារៀបចំឲ្យមានចរន្តតភ្ជាប់រវាងបណ្តាញផ្លូវ និងហេដ្ឋារចនាសម្ពន្ធ័នៃគំរោងអភិវឌ្ឍន៍នានា ដែលនឹងកើតមាននាពេលអនាគតបន្ស៊ីគ្នាទៅនឹងហេដ្ឋារចនាសម្ពន្ធ័មានស្រាប់ និងសិក្សារៀបចំឲ្យមានការតភ្ជាប់រវាងលំហបៃតង និងបណ្តាញការពារទឹកជំនន់រវាងតំបន់ភាគខាងត្បូង និងតំបន់ជុំវិញ ។ ធាតុចូលទាំងឡាយ ដែលទទួល បានតាមរយះអង្គសិក្ខាសាលាក្នុងពេលនេះនឹងត្រូវបានប្រើប្រាស់ជាត្រីវិស័យសំរាប់តម្រង់ទិស និងបំពេញបន្ថែមចំណុចខ្វះខាតដើម្បីឲ្យការសិក្សាប្លង់អភិវឌ្ឍន៍តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ និងគំរោងសិក្សាកែលម្អតីរវិថីព្រះស៊ីសុវត្ថឲ្យកាន់តែមានសុក្រឹត្យភាព គ្រប់ជ្រុងជ្រោយ និងមានសនិទានភាពក្នុងការអនុវត្ត ៕ សំរិត


ចែករំលែក៖