ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានស្នើដំឡើងថ្លៃសេវាសុំភៀសខ្លួន របស់ក្រុមជនភៀសខ្លួននៅព្រំដែនមិចស៊ីកូ ក្នុងគោលដៅកាត់បន្ថយចំនួនជនភៀសខ្លួនចូលក្នុងទឹកដីអាមេរិក ។
តាមតួលេខ នាពេលកន្លងមកថ្មីៗ បង្ហាញឲ្យឃើញថា មានជនអន្តោប្រវេសន៍ ជាច្រើន ត្រួវបដិសេធសុំសិទ្ធិរស់នៅក្នុងទឹកដីអាមេរិក ចាប់តាំងពីលោក ត្រាំ ឡើងធ្វើជាប្រធានាធិបតី អាមេរិក ។ លោកត្រាំ បានស្នើឲ្យដំឡើងពន្ធ សុំរស់នៅអាមេរិក ក៏ដូចជាលិខិតបញ្ជាក់ដើម្បីធ្វើការងារ នៅលើទឹកដីអាមេរិក ។ ប្រសិនបើ មិនមានលិខិតបញ្ជាក់នោះទេ ជនអន្តោប្រវេសន៍ មិនអាចទៅធ្វើការនៅអាមេរិកនោះឡើយ ។
ជាមួយគ្នានេះ សហរដ្ឋអាមេរិកបានសម្រេចបញ្ជូនកម្លាំងទាហានបន្ថែមរាប់រយនាក់ទៅកាន់ព្រំដែនភាគនិរតី ដើម្បីគាំទ្រជួយដល់ការងារដឹកជញ្ជូនជនភៀសខ្លួន ។
មន្ទីរបង់តាហ្គោន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ បានប្រកាសថា រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ លោក Patrick Shanahan បានយល់ព្រមផែនការមួយ បញ្ជូនកងទ័ពប្រហែល៣២០នាក់ ទៅកាន់ព្រំដែន នាភាគនិរតីជាប់ជាមួយប្រទេសមិចស៊ីកូ ដើម្បីការងារជំនួយបន្ថែម ដូចជា បើកបររថយន្តជាច្រើនគ្រឿងរបស់កងកម្លាំងការពារព្រំដែន និងគយ ក្នុងការដឹកជញ្ជូនជនភៀសខ្លួន។
ការសម្រេចនេះបានប្រកាសជាសាធារណៈ កាលពីថ្ងៃចន្ទ ទី២៩ ខែមេសា ខណៈការយល់ព្រមលើគម្រោងនេះ បានធ្វើឡើង កាលពីថ្ងៃសុក្រ ចុងសប្តាហ៍កន្លងទៅ ។
មន្ទីរបង់តាហ្គោន បានបញ្ជាក់ថា ការបញ្ជូនកងទ័ពបន្ថែមកងទ័ពនោះ នឹងត្រូវចំណាយលុយប្រហែល ៧,៤លានដុល្លារ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ។
ការសម្រេចចិត្តនេះ គឺអនុញ្ញាតឲ្យកងទ័ពដែលដាក់ពង្រាយថ្មី ធ្វើការងារផ្សេងៗ ទាក់ទងនឹងបញ្ហាជនអន្តោប្រវេសន៍ នៅពេលមានការចាំបាច់។ ក្នុងករណីបែបនេះ ភ្នាក់ងារស៊ីវិល ក្រសួងសន្តិសុខ មាតុភូមិ នឹងនៅកៀកជិតពួកគេ ដើម្បីអនុវត្តមុខងារតាមផ្លូវច្បាប់៕