ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របើកបុក PassApp គាបមនុស្សរបួសម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ខណៈជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តកុងតឺន័រ បើកបុកកាលពីវេលាម៉ោង១ និង២០នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃទី១ ខែឧសភា​ ឆ្នាំ២០១៩​ នៅចំណុចមុខមន្ទីរសម្រាកព្យាបាលកុមារ ភ្នំពេញ​ តាមបណ្តោយផ្លូវលេខ១៨២​ ស្ថិតក្នុង សង្កាត់ទឹកល្អកទី៣​ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តកុងតឺន័រមួយគ្រឿង ម៉ាកVOLVO ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-2371 ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅ បុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1HL-6409បើកបរដោយបុរសម្នាក់បញ្ច្រាសទិសដៅគ្នាពីលិចទៅកើតចំពីរមុខពេញទំហឹង បណ្តាលឲ្យម៉ូតូកង់បីខ្ទាតមកចិញ្ចើមផ្លូវម្ខាងទៀត ម្ចាស់គាបជាប់រងរបួសបែកក្បាល និងបាក់ជើងឆ្វេងម្ខាង របួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋជួយគាស់ចេញមកក្រៅ រួចទំនាក់ទំនងទៅរថយន្តសង្គ្រោះបន្ទាន់ មន្ទីរពេទ្យហុង ហាក់ ដឹងយកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូកង់បីខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ។ រីឯអ្នកបើកបររថយន្តកុងតឺន័របានចុះពីលើរថយន្តរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្ត និងម៉ូកង់បីឥណ្ឌាទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖