ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មមរតកមេឌៀ កញ្ញា គ្រីប លក្ខិណា បានសម្រេចចិត្ត លើកដៃសុំជំនួយពីមហាជនក្រោយពីនាងអស់លទ្ធភាពព្យាបាលជំងឺម្តាយដែលកំពុងរលួយជើងហើយត្រូវការថវិកាព្យាបាលបន្ត ។ ក្រៅពីមើលជំងឺម្តាយ នាង ក៏មានបន្ទុកចិញ្ចឹមក្មួយកំព្រាៗប្រមាណ៨នាក់ផ្សេងទៀត ។
ច្រៀងរាំសប្បាយតែលើឆាកតន្ត្រី គ្រីប លក្ខិណា កំពុងបៀមទុក្ខធំប៉ុនភ្នំ ពិបាក និងបរិយាយព្រោះតែម្តាយនាងកំពុងសម្រាកព្យាបាលជំងឺដំបៅរលះរលួយជើងគួរឲ្យបារម្ភ និងត្រូវការថវិកាបន្តការព្យាបាលខណៈដែលលុយដែលនៅជាប់ខ្លួនទាំងប៉ុន្មានចំណាយអស់គ្មានសល់ពីខ្លួន ។ តាមការបញ្ជាក់ពីតារាចម្រៀងរូបនេះបានបញ្ជាក់ថា ដើមឡើយម្តាយរបស់នាងមានជំងឺដំបៅជើងបន្តិចបន្តួប៉ុណ្ណោះ ប៉ុន្តែដោយសារមិនចង់រំខាននាងជាកូនទើបចេះតែលាក់បាំងហើយព្យាយាមស្វែងរកថ្នាំបុរាណតាមការប្រាប់របស់អ្នក ស្រុក ភូមិមកបិទ និងត្រាំរហូតរលះរលួយជើង ទើបនាងដឹងហើយបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យ ។ នាងថាម្តាយនាងមិនមានជំងឺទឹកនោមផ្អែមទេ ខណៈដែលក្រុមវេជ្ជបណ្ឌិតលើកឡើងថាកើតឡើងពីការប្រើប្រាស់ថ្នាំខ្មែរមិនសមស្រប ។ នាងថាជើងរបស់ម្តាយនាងត្រូវកោសរុំថ្នាំ និងហូរឈាមជាញឹកញាប់រហូតក្រុមសិល្បកររួមអាជីព និងផលិតករក្នុងផលិតកម្មដែលជិតដិតបានជួយទាំងថវិកា និងផ្តល់ឈាមស្ទើខ្សោះពីខ្លួនម្នាក់ៗទៅហើយ ។
ដើរដល់ផ្លូវទាល់តារាស្រីរូបនេះមានតែលើកដៃសំពះសុំការជួយពីសំណាក់សប្បុរសជនមេត្តាជួយនាងតាមទឹកចិត្តសុទ្ធាព្រោះនាងគ្មានប្រាក់នៅក្នុងខ្លួនទៀតទេ ខណៈដែលទ្រព្យជាដុំកំភួនសម្រាប់លក់ក៏គ្មាន ។ តារាស្រីរូបនេះបញ្ជាក់ទាំងទឹកភ្នែកថា ក្រៅពីម្តាយនាងក៏ត្រូវមើលថែទាំចិញ្ចឹមក្មួយប្រមាណ៨នាក់ផ្សេងទៀតដែលកំពុងនៅសិក្សាខណៈដែលម្តាយឪពុកពួកគេបានបោះបង់ចោលនោះ ។ នាងថាពិតជាពិបាកចិត្តរកអ្វីថ្លែងមិនបានខណៈដែលខ្លួនមិនមានលទ្ធភាពជួយ គ្រួសារ ព្រោះតែចំណូលតែពីការងារសិល្បៈខ្លះៗមិនអាចទប់ទល់ និងការចំណាយប្រចាំគ្រួសារបាន ។ នាងរំពឹងថាសប្បុរសជន និងជួយនាង ម្តាយ និងក្មួយៗដែលកំពុងរស់ក្នុងទុក្ខវេទនាដោយក្តីអនុគ្រោះ ។
សម្រាប់សប្បុរសជនដែលមានបំណងជួយជាថវិកាសម្រាប់នាងអាចទំនាក់ទំនងទៅកាន់នាងផ្ទាល់តាមរយៈទូរស័ព្ទលេខ 015243456 / 078721213 / 098700739 / 070800993 ។
គួរបញ្ជាក់ដែរថា តារាចម្រៀង គ្រីប លក្ខិណា ធ្លាប់ទទួលបានការសរសើរច្រើនពីទស្សនិកជនបន្ទាប់ពីនាងមានសំនៀងក្រួអួនស្រដៀងគ្នាទៅ និងអ្នកស្រីហួយមាស ។ នាងមានបទចម្រៀងជាច្រើនចុងក្រោយនៅក្នុងផលិតកម្មមរតកមេឌៀ៕ វឌ្ឍនា