ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់លង់ទឹកស្លាប់ក្នុងស្រះ សង្ស័យយកបន្លែទៅលាងហើយរអិលជើងធ្លាក់ចូលទឹកជ្រៅ

ចែករំលែក៖

ខេត្តសៀមរាប៖ ស្រ្ដីម្នាក់លង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះភ្ញាក់ផ្អើលនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩ នៅចំណុចស្រះតាសេងក្រុមទី១២ ភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គុំ ក្រុង ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ កែវ អូន ហៅច្រិប ភេទស្រីអាយុ៥៦ឆ្នាំ ស្រុកកំណើតនៅភូមិត្រពាំងវេង ឃុំស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានមកស្នាក់នៅ ធ្វើកម្មករ ពីរនាក់ប្តីប្រពន្ធ ក្នុងភូមិ ឃុំកើតហេតុខាងលើ ។

តាមការបំភ្លឺរបស់ប្តីបានឲ្យដឹងថា៖ គាត់ដើរបេះត្រកួនបានហើយយកទៅលាងទឹក ប្រហែលជារអិលជើង បណ្តាលឲ្យធ្លាក់ចូលទឹកស្រះ ដែលមានជម្រៅជ្រៅ និងជារណ្តៅដែលជិកដីលក់ទើបបណ្ដាលឲ្យគាត់លង់ស្លាប់។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកោសល្យវិច័យ និងធ្វើកំណត់ហេតុ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកមែន ហើយប្រគល់សាកសព ឲ្យសាច់ញាតិក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី ៕ប៊ុនរិទ្ធី


ចែករំលែក៖